ក្រុមជួយសង្រ្គោះធ្វើការពេញមួយយប់ដើម្បីជីកកកាយរកយន្តហោះដែលធ្លាក់ចូលវាលភក់ព្រៃកោងកាងក្នុងប្រទេសថៃ ហើយគេជឿថាមនុស្ស៩នាក់គឺស្លាប់ទាំងអស់
ក្រុមអ្នកជួយសង្គ្រោះបានធ្វើការរហូតដល់យប់ថ្ងៃព្រហស្បតិ៍នៅឯទីតាំងដែលធ្លាក់យន្តហោះដោយបានដឹកជញ្ជូនអ្នកដំណើរខ្នាតតូចមួយនៅក្នុងប្រទេសថៃ។ នៅក្នុងរូបភាពវីដេអូនៃទីតាំងធ្លាក់យន្តហោះនោះ គេបានឃើញសកម្មភាពកម្មករកំពុងប្រតិបត្តិការជីកកកាយក្នុងវាលភក់ព្រៃកោងកាងក្នុងខេត្ត Chachoengsao (ចាជុងសាវ)និងស្វែងរកកំទេចកំទីបាក់បែកនៃយន្តហោះ។ យន្តហោះតូចនេះបានធ្លាក់នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញភ្លាមៗបន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋានសំខាន់ក្នុងរដ្ឋធានីបាងកក នេះជាការបញ្ជាក់របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលក្នុងប្រទេសថៃ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបាននិយាយទៀតថា យន្តហោះធុន turboprop ជាប្រភេទ Cessna Caravan C208B បានដំណើរការដោយក្រុមហ៊ុន Thai Flying Service Company បានចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិរបស់ទីក្រុងបាងកកនៅវេលាម៉ោង ២:៤៦នាទីរសៀល។ វាបានចាកឆ្ងាយពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនិងបាត់បង់ទំនាក់ទំនងជាមួយក្រុមការងារ និងរ៉ាដាយន្តហោះក្រោយហោះបាន១១នាទី ក្នុងចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃអាកាសយានដ្ឋានសុវណ្ណភូមិ។ វាបានធ្វើដំណើរទៅកាន់ខេត្តត្រាត ដែលជាខេត្តជាប់មាត់សមុទ្រដែលមានចំងាយប្រហែលជា២៧៥គីឡូម៉ែត្រនាភាគអាគ្នេយ៍ក្នុងរាជធានីបាងកករបស់ថៃ៕
សម្រួលអត្ថបទ៖ សុផារិន្ទ