
សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បំផុសការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាខែឧសភាខាងមុខ ពិសេសក្នុងឱកាសនៅសល់ ១០០ថ្ងៃ គិតត្រឹមថ្ងៃទី២៥ ខែមករាខាងមុខ ដើម្បីបំផុសស្មារតីគាំទ្រវិស័យកីឡាជាតិក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្ដិភាព”។
ការជំរុញរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងក្នុងពេលអញ្ជើញក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានលើកទី៥ ប្រមាណជិត៥,០០០នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមចូលរួមយុទ្ធនាការផ្សព្វផ្សាយការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឱ្យបានផុលផុសដើម្បីឲ្យប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យខិតខំហ្វឹកហាត់ ដើម្បីទទួលបានមេដាយច្រើនក្នុងការប្រកួតនាពេលខាងមុខ។
គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ដោយគិតត្រឹមថ្ងៃទី១៦ ខែមករានេះគឺនៅសល់រយៈពេល ១០៩ថ្ងៃ៕