Zillion

ដំរីសឹកថៃក្លាយជាម្ចាស់ជើងឯក AFF Championship ២០២២

ក្រុមជម្រើសជាតិថៃ ដឹកនាំដោយលោក Alexandré Pölking  បានក្លាយជាម្ចាស់ជើងឯកនៃ AFF Mitsubishi Electric Cup ២០២២ ក្រោយយកឈ្នះវៀតណាម ក្នុងលទ្ធផល ១ទល់០ នៅកីឡដ្ឋាន Thammasat នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ ខណ:ជើងទី១ក្រុមទាំងពីរបានត្រឹមស្មើរគ្នា ២ទល់២ នៅទឹកដីវៀតណាម ដូច្នេះសរុបទាំងពីរជើងក្រុមដំរីសឹកថៃឈ្នះ ៣ទល់២។

ក្រុមដំរីសឹកថៃបាននាំមុខ១គ្រាប់មុននៅនាទីទី ២៤ ដោយកីឡាករ Theerathon Bunmathan បន្ទាប់មកក្រុមវៀតណាម ព្យាយាមសម្រុករកគ្រាប់បាល់មកវិញដែរ នៅតែមិនអាចទំលុះសំណាញ់ទីរបស់ថៃបាន រហូតដល់ចប់ការប្រកួតរក្សាលទ្ធផល ១ទល់០ ដដែល ខណ:ខ្សែប្រយុទ្ធ Teerasil Dangda និង Nguyn Tiến Linh ជាប់ឈ្មោះក្នុងបញ្ជី Top Scorers ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 សរុប៦គ្រាប់ ដូចគ្នា។

ក្រោយឈ្នះវៀតណាម ធ្វើឲ្យក្រុមជម្រើសជាតិថៃ ក្លាយជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៧លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ រីឯក្រុមឥណ្ឌូណេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រសរុប៦លើក តែបរាជ័យរហូត។

សូមជម្រាបឱ្យដឹងផងដែរថាពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ហើយក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តងចាប់ពីឆ្នាំ២០០៧មក និងចុងក្រោយចាប់ពីឆ្នាំ២០២២តទៅ ប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង៕