ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ បានស្រូបទាញ អ្នកចូលរួម សរុបចំនួន ៣,០២១នាក់ មកពី ៥១ប្រទេស

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ បានស្រូបទាញ អ្នកចូលរួម សរុបចំនួន ៣,០២១នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន ២២០៦នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៨១៥នាក់ មកពី ៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ជប៉ុន, ចិន, វៀតណាម, ចក្រភពអង់គ្លេស និងថៃ។

នេះជាការបញ្ចាក់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ថ្លែងក្នុង ទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ ថ្ងៃអាទិត្យ ១៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ មុខប្រាសាទអង្គរវត្ត, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវ ដល់ប្រិយមិត្តជាតិ-អន្តរជាតិ ទាំងអស់ចូលរួម អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃស្អែកនេះ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ក្រោម គំនិតផ្តួចផ្តើម របស់ សម្តេចតេជោ ហ៊ុន សែន ហើយបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” ។

ឯកឧត្តមបណ្ឌិទេសរដ្ឋមន្ត្រី ជូនពរដល់ អត្តពលិកជាតិ និងអន្តរជាតិ រត់ឱ្យបានសប្បាយរីករាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ប្រកបដោយ សុខសុវត្ថិភាព ហើយសង្ឃឹមថា អត្តពលិកជាតិ និងអន្តរជាតិ នឹងបន្តចូលរួម ក្នុងទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ៕