ភាគខាងជើង និងខាងត្បូងរដ្ឋ California រងផលប៉ះពាល់ខ្លាំងពីហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់ ដោយគិតជាទំហំឆាបឆេះជិតប៉ុននឹងទីក្រុង LA ឯណោះ

ថ្ងៃនេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ឬ (Southern California) មនុស្សប្រហែលជា២ពាន់នាក់ត្រូវបញ្ជាឱ្យជម្លៀសខ្លួនចេញ ដោយសារតែហេតុការណ៍ភ្លើងឆេះរីករាលដាលពេញពេញព្រៃជាតិ Sequoia។ មន្ត្រីព័ត៌មាននៃនាយកដ្ឋានពន្លត់អគ្គីភ័យរបស់ខោនធី Kern បាននិយាយថាកម្លាំងភ្លើងឆាបឆេះបានរុញច្រានកាន់តែលឿនជាមួយល្បឿនខ្យល់បក់បោកខ្លាំង និងបានរាលដាលយ៉ាងឆាប់ទៅលេបត្របាក់ផ្ទៃដីអស់ជាង ១៥៥គីឡូម៉ែត្រក្រឡាហើយ ក្នុងរយៈពេល៤ថ្ងៃនេះ។

ចំណែកសេវាអាកាសធាតុជាតិ បានចេញសេចក្តីព្រមាន “ពណ៌ក្រហម” សម្រាប់តំបន់ដ៏ធំក្នុងរដ្ឋរួមាន Idaho, Montana, Utah និង Wyoming បន្ថែមពីលើផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រញ៉ាដែរ ដែលធ្វើឲ្យប្រព័ន្ធឥន្ធនៈស្ងួត និងខ្យល់បក់បោកខ្លាំងជាកត្តាកំពុងបង្កើនគ្រោះថ្នាក់ពីភ្លើងឆេះព្រៃនេះដែរ។ ចំណែកនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ឬ (northern California) វិញក្រុមអ្នកពន្លត់អគ្គីភ័យរាប់ពាន់នាក់ក៏កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅដែរ ដែលវាមានទំហំប៉ុនទៅនឹងទីក្រុងឡូសអេនជឺលេសមួយឯណោះ ដែលនេះគឺជាស្ថានភាពភ្លើងឆេះព្រៃដ៏អាក្រក់មួយក្នុងចំណោមភ្លើងឆាបឆេះជាច្រើនទីតាំងនៅភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដា និងចំពេលដែលវាមានអាកាសធាតុស្ងួត ក្តៅ និងខ្យល់បក់ខ្លាំង។

ការព្យាករណ៍របស់នាយកដ្ឋានពន្លត់អគ្គីភ័យបានអំពាវនាវឱ្យរក្សាជួយសីតុណ្ហភាពត្រជាក់ជាងមុន ដើម្បីជួយបន្ថយហានិភ័យនៃ Park Fire ដែលអាចឆាបឆេះទ្រង់ទ្រាយធំបំផុតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងប៉ះពាល់ដល់ដំណកដង្ហើមប្រជាជនក្នុងតំបន់ បង្ករឲ្យមានជំងឺផ្សេងៗ។ ការរីករាលដាលនៃ Park Fire ក៏បាននាំឱ្យមន្ត្រីពន្លត់អគ្គីភ័យអាចធ្វើការប្រៀបធៀបបានជាមួយនឹងហានិភ័យនៃ Camp Fire ដ៏សម្បើមក្នុងឆ្នាំ២០១៨ ដែរ ដោយវាបានសម្លាប់មនុស្ស ៨៥ នាក់ និងបំផ្លាញផ្ទះចំនួន១១ពាន់ខ្នង៕

សម្រួលអត្ថបទដោយ៖ សុផារិន្ទ