ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការផ្តល់កូនឈើ ឥតគិតថ្លៃ ជាការបើកទំព័រថ្មីសម្រាប់ជំរុញដល់ការសម្រេចបាននូវគម្របព្រៃឈើ ៦០ភាគរយក្នុងឆ្នាំ២០៥០

Toyota long bar

ការតាំងពិព័រណ៍ និង ចែកកូនឈើ ជូនដល់សារធារណជនដោយឥត គិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំង ផ្ទាល់ខ្លួន នាពេលនេះ គឺជា ការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ ២០៥០។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ បានអញ្ចើញជាអធិបតី ក្នុងពិធី “ពិព័រណ៍ផ្សព្វផ្សាយ និង ចែកកូនឈើក្រោម មូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤” ទីស្តីការក្រសួងបរិស្តាននៅ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា៖ការប្រារព្ធពិធី « ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរ កូលជាតិលើកទី៤» នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏ធំដំបូងគេជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ក្រសួងបរិស្ថានឆ្លើយតបនឹងយុទ្ធនាការ«ដាំដើមឈើយ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ» របស់ក្រសួងដែលតម្រូវឱ្យមន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ បណ្តុះកូនឈើឱ្យបាន ១០ម៉ឺនក្នុង១ឆ្នាំក្នុង១មន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជនពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃតាមទីតាំងរៀងៗខ្លួននៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់បន្ថែមថា៖រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹង និងអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំ ពិធីដ៏ធំនេះឡើង រយៈពេល ៣ ថ្ងៃនេះ នៅមុខទីស្តីការក្រសួងផ្ទាល់ ដែលមានការចូលរួម តាំងពិព័រណ៍កូនឈើ និងបង្ហាញថ្នាលបណ្តុះកូនឈើគំរូពីមន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ ប្រភេទនានានៃកេសរកូលព្រៃកម្ពុជា និង ប្រភេទពូជបង្កាត់ពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែននិងបណ្តាញអ្នកស្រលាញ់កេសរកូល រូបភាពស្អាតៗនិងពិសេសៗ ពីក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា ផលិតផលចម្រុះពីបណ្តាញភូមិ១ផលិតផល១ ផលិតផលចេញពីជីវៈចម្រុះរបស់សហគមន៍តំបន់ការពារធម្មជាតិ និងសមិទ្ធផលក៏ដូចសកម្មភាពការងាររបស់អគ្គនាយកដ្ឋានទាំង៦ចំណុះក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជន សមាគមន៍អេកូទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតសរុបប្រមាណជាង ១៥០ស្តង់។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា”នាឱកាសនេះមានកូនឈើលសម្រាប់ចែកជូនប្រមាណ ៣៣,៦៥៤ដើម ដែលបានមកពីមន្ទីរបរិស្ថានរាជធានីខេត្ត និងអង្គការដៃគូមួយចំនួនបានចូលរួមចំណែកផ្តល់កូនឈើចំនួន ៧០០០ដើម សហគ្រាសឯកជន ចំនួន ៣០០០ ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៦៥៤ ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនស្ថាប័ននានា និងប្រជាពលរដ្ឋទូទៅដែលបានស្នើសុំមកក្រសួង និងមន្ទីរបរិស្ថានកន្លងមក និងស្នើសុំផ្ទាល់ក្នុងអំឡុងពេលពិព័រណ៍នេះដែលចែកជា ៤ប្រភេទសំខាន់ៗ រួមមានឈើប្រណិត (១១ប្រភេទ) ឈើហូបផ្លែ(១៣ប្រភេទ) កូនឈើព្រៃលិចទឹក(១ប្រភេទ) និងកូនឈើលម្អ (១៧ប្រភេទ)។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ បានថ្លែងថា៖ ការរៀបចំ នូវព្រឹត្តិការណ៍នេះដែរគឺជាការ បណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍នៃ ព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និង ការចូលរួមដោយផ្ទាល់ក្នុង ការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។

Royal Group

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ដែរថា៖ព្រៃឈើគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីដែលមានគុណតម្លៃវិសេសវិសាលណាស់ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។លើសពីនេះទៀត ព្រៃឈើក៏មានតួនាទី ចូលរួមកាត់បន្ថយហានីភ័យដែលបណ្តា មកពីគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ព្រួយបារម្ភយ៉ាងខ្លាំង ដែលពិភពលោក កំពុងតែប្រឈម និង មានការព្រួយបារម្ភ។

សូមជម្រាបផងដែរថា ក្រសួងបរិស្ថាននឹងបន្តបណ្តុះកូនឈើសម្រាប់ការចែកចាយជារៀងរាល់ឆ្នាំតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តមណ្ឌលគិរី និងថ្នាលបណ្តុះខ្នាតតូចតាមមន្ទីរបរិស្ថានខេត្តនីមួយៗ។

គួរបញ្ជាក់ថា៖ការបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញនេះ គឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈរ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពនានាដូចជាការអភិវឌ្ឍគោលដៅលំហែរបៃតង និងទេសចរណ៍ ធម្មជាតិប្រកបដោយនិរន្តរភាព គុណភាព និងការទទួលខុសត្រូវចំពោះបរិស្ថានជាដើម ហើយការចែកកូនឈើយកទៅដាំនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះនូវពន្លកបៃតងសម្រាប់កម្ពុជា នៅលើដីផ្ទាល់ផង រួមទាំងការ បណ្តុះស្មារតី និងផ្នត់គំនិតស្រលាញ់ព្រៃឈើដល់សាធារណជនគ្រប់មជ្ឈដ្ឋាន និងតជំនាន់សំដៅឆ្ពោះទៅបង្កើនគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០៕