លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង និង ស្រង់ព្រះសុគន្ធវារីប្រគេនព្រះចៅអធិការ និងព្រះមន្រ្តីសង្ឃ វត្តឧណ្ណាលោម 

Toyota long bar

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង និង ស្រង់ព្រះសុគន្ធវារីប្រគេនសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការថ្មី និងព្រះមន្រ្តីសង្ឃនៃវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។

ពិធីប្រកាសតែងតាំង និង ស្រង់ព្រះសុគន្ធវារីប្រគេន សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀតព្រះចៅអធិការថ្មី   និងព្រះមន្រ្តីសង្ឃ នៃវត្តឧណ្ណាលោម មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ៖ 

គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរៈគ្រប់ព្រះអង្គ , ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនាព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ជម្រាបជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងអង្គពិធីទាំងមូលអំពីជីវប្រវត្តិសង្ខេបរបស់ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ដែលចាប់តាំងពីសម្តេចព្រះមហាអរិយវង្សបណ្ឌិត ចម្រើនវ័យបានបួសនិងសិក្សាគ្រប់ភូមិសិក្សាទាំងក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់។ ដោយនៅក្រោយឆ្នាំ២០២០ ទទួលបានសញ្ញាបត្រថ្នាក់ក្រោយបណ្ឌិត ទស្សនវិជ្ជាពុទ្ធសាសនា ពីសកលវិទ្យល័យហាវីដ សហរដ្ឋអាមេរិក ដែលជាសាកលវិទ្យាល័យដ៏ល្បីនៅក្នុងពិភពលោក។ 

Royal Group

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ជម្រាបជូនបន្តថា  ក្រៅពីការសិក្សា សម្តេចព្រះមហាអរិយវង្សបណ្ឌិត បានដង្ហែតាមព្រះសកម្មភាព របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ ពិសេសការអភិវឌ្ឍវិស័យពុទ្ធិកសិក្សាជាតិ ។

 ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលើកវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងជាអគ្គមគ្គុទេសឯក កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញពាសពេញប្រទេស និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ថិតក្នុងសទ្ធាជ្រះថ្លានាឱកាសនេះ លោកជំទាវបណ្ឌិត  បានប្រគេននូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេន និងជូនដល់ សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវតី និងយុវជនស្មគ្រ័ចិត្តផងដែរ ។

នាឱកាសដ៏មហានក្ខត្តឫក្សនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធ ពិធីដង្ហែរ ប្រគេនប្រកាសនីយបត្រ និងផ្លិតយស ព្រមទាំងបានប្រារព្ធបទនមាសិក្កា ស្វាធ្យាយ ចម្រើនព្រះបរិត្ត ប្រោសព្រំសុំសិរីសួស្តី នាឱកាសពិធីប្រកាសតែងតាំង និង ស្រង់ព្រះសុគន្ធវារីប្រគេនព្រះចៅអធិការថ្មីវត្តឧណ្ណាលោម និងព្រះមន្រ្តីសង្ឃទាំង៥ព្រះអង្គ ៕