អ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងស៊ី ប្រទេសចិន បានអញ្ជើញមកធ្វើការសិក្សាស្វែងយល់អំពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ពិសេសស្វែងយល់ពីវិស័យព័ត៌មាននៅកម្ពុជាក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន

Toyota long bar

   ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងស៊ី ប្រទេសចិន រួមជាមួយសិស្សមកពីសាលារៀនចិនឈុងជឺង សរុបចំនួន ២៩រូប បានអញ្ជើញចូលជួបសំដែងការគួរសមជាមួួយ ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើការសិក្សា ស្វែងយល់អំពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ពិសេសចង់ដឹងពីភាពរីកចំរើនលើវិស័យព័ត៌មាននៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ។

   ពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា ជាមួយគណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងសុី ប្រទេសចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។

  ឯកឧត្តម កឹម គុណវឌ្ឍ ក្នុងនាម ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ការអញ្ជើញមកកម្ពុជា របស់គណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងសុី ប្រទេសចិន ពិសេសមកអញ្ជើញមកក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងពីកិច្ចការងារមួយចំនួនទាក់ទងវិស័យព័ត៌មាន និងកិច្ចសហការល្អរវាងប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា ចិន ។

  ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៍មាន បានគូសបញ្ជាក់ថា ដំណើរមកដល់របស់អ្នកសារព័ត៌មានវ័យក្មេងរបស់ខេត្តខ្វាងសុី ប្រទេសចិន មកកម្ពុជានាឱកាសនេះ គឺជាការបញ្ជាក់អោយឃើញពីការតភ្ជាប់ និងជម្រុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ចិន ។ ឯកឧត្តម មានការសប្បាយរីករាយដោយបានជូបជាមួយអ្នកសារព័ត៌មានវ័យក្មេង ព្រោះជាជំនាន់អ្នកបន្តវេននៃអ្នកសារព័ត៌មានរបស់ចិន ដែលបានមកស្តាប់ មកស្គាល់ មកឮ មកឃើញផ្ទាល់ភ្នែក ពីបញ្ហា និងការពិតដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ឃើញពីជីវភាពរស់នៅរបស់ប្រជាជន និងការវិវឌ្ឍរីកចំរើនរបស់កម្ពុជា ។ នេះជាការសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន នឹងបន្តយូរអង្វែងទៅមុខទៀត ពីជំនាន់មួយ ទៅជំនាន់មួយទៀត ប្រៀបបីដូចអ្នកសារព័ត៌មានវ័យក្មេងខេត្តក្ខាងសុី មកបំពេញការងារនៅកម្ពុជានាឱកាសនេះដែរ ។ 

Royal Group

   តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំ គណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងសុី ប្រទេសចិន បានអោយដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន រវាងកម្ពុជា និងចិន។ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ជា ពិសេសទំនាក់ទំនងរវាងយុវជនមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន បានដឹកនាំគណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេងមកធ្វើការសិក្សាស្វែងយល់អំពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន រយៈពេល ៦ថ្ងៃនៅក្នុងកម្ពុជា ហើយក៏នឹងទៅទស្សនាព្រះបរមរាជវាំង សារមន្ទីជាតិ វិមានឯករាជ្យ វត្តភ្នំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុង រាជធានីភ្នំពេញ និងបេតិកភណ្ឌវប្បធម៌ពិភពលោក-អង្គរស្ថិតនៅខេត្តសៀមរាប ។

  សមាជិកគណៈប្រតិភូអាចស្វែងយល់អំពីធនធានទេសចរណ៍ដ៏សម្បូរបែប និងទិដ្ឋភាពនៃការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសកម្ពុជា យល់ដឹង អំពីទំនៀមទម្លាប់ និងជីវភាពរស់នៅនៃប្រជាជនស្រុកខ្មែរដ៏អស្ចារ្យ។

  គណៈប្រតិភូក៏បានចូលទៅទស្សនាទូរទស្សន៍ជាតិកម្ពុជាផងដែរ ដើម្បីចូលរួមព្រឹត្តិការណ៍មិត្តភាព កម្ពុជា-ចិន ជាមួយយុវជនកម្ពុជា។

  ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន គ្រោងថត និង កត់ត្រាដំណើរការទាំងមូលនៃដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ហើយផលិតជា ភាពយន្តឯកសារមួយ ដើម្បីផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរបានឃើញទាំងអស់គ្នា ។ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ច ថតវិដេអូ និងធ្វើការងារផ្សេងៗទៀតនៅប្រទេសកម្ពុជា គណៈប្រតិភូសង្ឃឹមថានឹងទទួលបានការគាំទ្រខ្លាំងពីក្រសួងព័ត៌មាន ៕