មន្ទីរព័ត៌មានខេត្តកំពតបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ

Toyota long bar

ក្រោយទទួលកិច្ចចង្អុលការពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាការដាក់ចេញនូវបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងតាមការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តកំពតបានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ។

ក្នុងឱកាសនោះដែរលោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌ខេត្តកំពត បានលើកឡើងថា ក្រោយពីទទួលបានកិច្ចចង្អុលការពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្ត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏ដូចជាអនុវត្តន៍តាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរព័ត៌ខេត្តកំពត បានរៀបចំយុទ្ធនាការត្រួតពិនិត្យពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការទាំងអស់ដែលបំរើការងារក្នុងមន្ទីរសរុបខំនួន ៤០នាក់ ក្នុងនោះស្រី ១៨នាក់ ដែលជាលទ្ឋផលពុំមានមន្រ្តីណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ។

ជាមួយគ្នានេះដែរ លោកស្រីប្រធានមន្ទីរក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ សូមជៀសអោយឆ្ងាយពីការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពខ្លួន សេដ្ឋកិច្ចគ្រួសារ និងធ្វើអោយប៉ះពាល់ដល់សង្គមជាច្រើនផងដែរ។ លោកស្រីប្រធានមន្ទីរបានបន្តថា ក្នុងនាមជាមន្ត្រីរាជការយើងត្រូវធ្វើជាគម្រូមួយល្អក្នុងសង្គម នឹងត្រូវរួមគ្នាអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសយុវជនជំនាន់ក្រោយ ក្នុងនាមជាមន្ត្រីព័ត៌មាន។

Royal Group

សូមជម្រាបជូនផងដែរថានៅក្នុងបទបញ្ជា ០១ បប ត្រង់ចំណុចទី២ បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត