សិស្សានុសិស្ស ជាង១៥ម៉ឺននាក់ នៅតាមសាលារៀន ទទួលបាន របបអាហារ ពេលព្រឹកប្រចាំថ្ងៃ

Toyota long bar

កម្មវិធីផ្តល់អាហារតាម សាលារៀន ដោយប្រើប្រាស់ កសិផល ក្នុងសហគមន៍ ក្នុងឆ្នាំ២០២៤នេះ បានទៅដល់គោលដៅ ចំនួន៥៥៣សាលា ដោយមានសិស្សសាលា កម្រិតបឋម ជាអ្នកទទួលផល ចំនួន១៥៣.៥៨៦នាក់។ នេះបើតាមការឱ្យដឹងរបស់  ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម នៅក្នុងឱកាសទស្សនកិច្ច ទៅកាន់សាលារៀន ដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងសម្ពោធផ្ទះបាយ នៅសាលាបឋមសិក្សាល្វា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។    ឯកឧត្ដម បានថ្លែងថា ក្នុងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦ នាក់ និងចុងភៅ ១ ៥១៨ នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ដោយបានចំណាយថវិកាស្មើនឹង៥ លាន៥៦ម៉ឺនដុល្លារ។  កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម៦៤សាលា មានអ្នកទទួលផល៣៧.៥០០នាក់ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីនេះដំបូងឡើយ ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវត្តជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។ នៅឆ្នាំសិក្សា ២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នដឹកនាំអនុវត្ត។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។សូមបញ្ជាក់ថា សាលាបឋមសិក្សាល្វា ក៏បានទទួលផ្ទះបាយដោយទទួលបានការគាំទ្រ និងការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពី ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងទំហំ ៤.៥ម x ៧ម ដោយចំណាយថវិកាក្នុងការសាងសង់ផ្ទះបាយអស់ចំនួន២០លានរៀល ខណៈបច្ចុប្បន្ន សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ ស្រី១៨៥នាក់, គ្រូបង្រៀនសរុប ១១នាក់ ស្រី ៨នាក់ មានអាគារ ២ ខ្នង ស្មើ ៨បន្ទប់ ដោយសិស្សទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប។ជាចក្ខុវិស័យ គឺដើម្បីឱ្យសិស្សានុសិស្សទាំងអស់ក្នុងសហគមន៍ ទទួលបានការអប់រំតាមបែបវិជ្ជមាន ដ៏មានគុណភាពខ្ពស់ក្នុងសាលាជាទីមេត្រី ដើម្បីឱ្យពួកគេអភិវឌ្ឍទាំងកាយសម្បទា, វិជ្ជាសម្បទា, បំណិនសម្បទា និងចរិយាសម្បទា អាចបន្តការសិក្សាយ៉ាងល្អប្រសើរ នៅកម្រិតសិក្សាខ្ពស់ៗ និងមានជីវិតរស់នៅដោយរីករាយ និងសុខដុមរមនា ៕

Royal Group