សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា ប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក

Toyota long bar

នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អនុញ្ញាតឱ្យឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា (Saia Ma’u Piukala) ចូល​ជួបសម្តែង​ការ​គួរសម និងពិភាក្សា​ការងារ​ក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​នៅ​​កម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែង​នូវ​ក្តី​សោមនស្សរីករាយ និងស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា និងសហការី ក្នុងឱកាស មកបំពេញបេសកកម្មការងារ​នៅប្រទេស​កម្ពុជាជាលើកដំបូង​ បន្ទាប់ពី​ ឯកឧត្តមវេជ្ជបណ្ឌិត ត្រូវបាន​ជ្រើសតាំងជា​ប្រធាន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងមក ។ ក្នុងកិច្ចជំនួស, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេច អំពី កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈកាលជាច្រើន ទស្សវត្សន៍កន្លងមក និង​បាន​វាយ​តម្លៃខ្ពស់ ចំពោះអង្គការសុខភាពពិភពលោកក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតរៀងមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ និងជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ួ ព្យូកាឡា​ បានសម្តែងនូវការអរគុណចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រម​ទាំង​បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​អភិវឌ្ឍ​ប្រទេស​ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការ​​យុទ្ធសាស្រ្ត និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីកចំរើនសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សំគាល់ ។ ទន្ទឹមនេះ, ឯកឧត្តមវេជ្ជបណ្ឌិតក៏បានថ្លែងកោត សរសើរកម្ពុជាលើភាពជោគជ័យក្នុងការទប់ស្កាត់ និងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកែ ទម្រង់ប្រព័ន្ធសុខាភិបាល​កម្ពុជាឱ្យកាន់តែមានភាពរីកចំរើនប្រកបដោយភាពធន់ និងរឹងមាំ ដែលអាច​ត្រៀម​ខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជំងឺរាតត្បាតជាយថាហេតុនានាដែលអាចកើតមានឡើងនាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមវេជ្ជបណ្ឌិត ក៏​បាន​ថ្លែង​អបអរ​សាទរ​​​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​​ការ​​គ្រប​​ដណ្តប់​សុខភាព​​ជាសកល​នៅ កម្ពុជាឆ្នាំ ២០២៤-២០៣៥” ព្រមទាំងបានបញ្ជាក់​អំពីការ​គាំទ្រ​​​យ៉ាង​មុតមាំ​របស់​អង្គការសុខភាពពិភព​លោក​តាមរយៈកិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​ផែនទី​បង្ហាញ​​ផ្លូវដ៏មានសារៈសំខាន់​នេះ​ឱ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់ ។

ជាមួយនឹងការថ្លែងអំណរ​គុណជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏​បាន​លើកឡើងអំពី ភាពជោគជ័យ និងសមិទ្ធិផលរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជាផ្លែផ្កានៃការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ។ ជាមួយគ្នានេះ, ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែល​មាន​សម្តេច​​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, “មនុស្ស” គឺជាអាទិភាពគន្លឹះទី ១ នៃ យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី ១ ហើយ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់​សុខភាពជាសកល​នៅ​កម្ពុជា”, ការបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈ​ការ​បន្តជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ, ប្រសិទ្ធភាព,​ ស័ក្តិសិទ្ធភាព, និងចីរភាព គឺជាកម្មវិធីគោលនយោបាយអាទិ-ភាពទី ១ សម្រាប់ការអភិវឌ្ឍ​ប្រទេស ក្នុងពេលបច្ចុប្បន្ន និងត​ទៅ​​អនាគត ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គការសុខភាព​ពិភពលោក​​​បន្តគាំទ្រកម្ពុជា​ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹង​សេចក្តីសម្រេច​ជា​សកល ​របស់សន្និបាតអង្គការសុខភាពពិភពលោកស្តីពីបញ្ហាសុខភាព​ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា​កម្មវិធី ការងារទូទៅទីដប់បួនថ្មី​របស់​អង្គការសុខភាពពិភពលោកឆ្នាំ​២០២៥​-២០២៨ ដែល​មានគោលបំណង​លើក កម្ពស់ការការពារសុខភាព និងសុខុមាលភាពសម្រាប់​មនុស្សទាំងអស់គ្នានៅគ្រប់ទី​កន្លែង ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្តី្រ បាន​ជូន​ពរ ឯកឧត្តមវេជ្ជបណ្ឌិត​ ព្រម​ទាំង​សហការីឱ្យទទួល​បាន​ជោគជ័យក្នុង​​ដំណើរបេសកកម្ម​របស់ខ្លួន និងជឿ​ជាក់​យ៉ាងមុតមាំថាបេសកកម្ម​​ការងារនេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយ​ អង្គការសុខភាពពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

Royal Group