ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បើកសិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សិល្បករ សិល្បការិនី

Toyota long bar

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សិល្បករ សិល្បការិនី នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

បើតាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា ក្នុងនាមតំណាងឱ្យបងប្អូនសិល្បករ សិល្បការិនី ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឆ្លាតវៃ និងប៉ិនប្រសប់បំផុត សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើឆ្ពោះទៅ បញ្ចប់អេដស៍ដែលជាបញ្ហាសុខភាពសាធារណៈចម្បងសម្រាប់ប្រជាជនកម្ពុជាយើង។

Royal Group

នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវការមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីប្រជាជនទូទៅ គឺពីរាជរដ្ឋាភិបាល ពីអង្គការសង្គមស៊ីវិល ដើម្បីឲ្យប្រជាជនទូទៅចូលរួមជាមួយយើងបាន វិស័យសិល្បៈមានតួនាទីសំខាន់បំផុត។ យើងចង់ឲ្យប្រជាជនយើងយល់ដឹងថា អេដស៍អាចផ្ទុះឡើងវិញគ្រប់ពេលវេលា បើយើងមានការធ្វេសប្រហែស។ យើងចង់ឲ្យអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ប្រញាប់មកធ្វើតេស្តរកមេរោគអេដស៍ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា យើងចង់ឲ្យក្រុមយុវវ័យ អាយុក្រោម២៤ឆ្នាំ យល់ដឹងសុីជម្រៅអំពីមេរោគអេដស៍ និងចេះការពារខ្លួនកុំឲ្យឆ្លងអេដស៍។ យើងចង់បំបាត់ការមាក់ងាយ រើសអើងអ្នកស្រលាញ់ភេទដូចគ្នា។ វិស័យសិល្បៈគ្រប់ទម្រង់ តាមរយៈសកម្មភាពរបស់សិល្បករ សិល្បការិនី អាចជួយបញ្រ្ជាបសារអំពីហានិភ័យ នៃមេរោគអេដស៍ វិធីបង្ការការពារ ការព្យាបាលថែទាំ និងការមិនមាក់ងាយ និងមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ ឲ្យដល់ប្រជាជនទូទៅ ពិសេសដល់ក្រុមយុវវ័យ បានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ទៀតថា ក្រៅពីការងារបញ្រ្ជាបការយល់ដឹងដល់មហាជនឲ្យចេះបង្ការការពារ យើងត្រូវខិតខំស្វែងរកអ្នកបាត់មុខ ឬអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ប្រមាណ១១០០០នាក់ ឲ្យមកតេស្តរកមេរោគអេដស៍ ឲ្យទាន់ពេលវេលា ដែលជាកត្តាមិនទាន់ឲ្យយើងឈានទៅសម្រេចគោលដៅតាមការរំពឹងទុក គោលដៅនោះ ៩៥-៩៥-៩៥៕