ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឱ្យគ្រូបង្វឹកកីឡាយូដូយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ទៅប្រើប្រាស់ជាប្រយោជន៍មានតម្លៃ ក្នុងការអភិវឌ្ឍជំនាញកីឡាអូឡាំពិកនេះ

Toyota long bar

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឱ្យគ្រូបង្វឹកកីឡាយូដូកម្ពុជាគប្បីយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍនូវប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ការថ្លែងបែកនេះ នៅក្នុងឱកាសបិទវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ឱ្យកាសសិក្សាជាមួយគ្រូជំនាញមកពីអន្តរជាតិ ពិតជាកម្រណាស់ចំពោះសហព័ន្ធកីឡាជាតិនីមួយៗ ដែលជាប្រភេទកីឡាអូឡាំពិក ពោលក្នុងមួយវគ្គ តាមប្រភេទកីឡាមួយត្រូវរង់ចាំយ៉ាងហោចណាស់ពី២ទៅ៥ឆ្នាំក៏មាន។ ដូច្នេះហើយឱកាសដ៏កម្រនេះយើងទទួលបានចំណេះដឹងថ្មីៗពីសហព័ន្ធកីឡាយូដូអន្តរជាតិនេះ ដោយយើងត្រូវតែប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្លាស់ប្តូរឥរិយាបទការងារជំនាញយូដូ និងចែករំលែកចំណេះជំនាញនេះជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួន ជាអ្នកស្រឡាញ់កីឡាយូដូ ដើម្បីអភិវឌ្ឍកីឡាយូដូឱ្យរីកចម្រើន។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ៖«បច្ចុប្បន្ននេះ កីឡាយូដូកម្ពុជាមានភាពក្សត់ខ្សោយគ្រូបង្វឹកណាស់ មិនមានចំនួនច្រើនដូចប្រភេទកីឡាដទៃទៀតឡើយ។ ដោយសារតែគ្រូបង្វឹកចាស់ៗបានស្លាប់ និងខ្លះមានវ័យចាស់ជរា។ ធនធានគ្រូកីឡាយូដូ គឺមានតិចតួចបំផុត ហើយធនធានគ្រូបង្វឹកដែលមកទទួលយកការបណ្តុះបណ្តាលនេះ គឺជាធនធានគ្រូបង្វឹកថ្មីខ្វះ និងចាស់ខ្លះ។ ចំណេះជំនាញថ្មីដែលទទួលពីវគ្គបណ្តុះបណ្តាលជាមួយគ្រូសហព័ន្ធយូដូអន្តរជាតិ សូមយកចំណេះដឹងនេះយកទៅប្រើប្រាស់ដោយគុណតម្លៃ និងរួមគ្នាជួយអភិវឌ្ឍន៍ ដើម្បីឱ្យធនធានកីឡាយូដូរីកដុះដាលកាន់តែសម្បូបែប ដូចប្រភេទកីឡាដទៃទៀត»។

Royal Group

ឯកឧត្តម វ៉ាត់ ចំរើន បានលើកទឹកចិត្តដល់សិក្ខាកាមជាគ្រូបង្វឹកទាំង២៥នាក់ ដែលមកទទួលការចែករំលែកពីគ្រូជំនាញសហព័ន្ធយូដូអន្តរជាតិ ជាច្រើនថ្ងៃមកនេះ សូមរួមគ្នាសាបព្រួសចំណេះដឹង ដែលបានរៀនសូត្រចែករំលែកដល់សិស្សគុន និងអ្នកដទៃៗទៀត ក្នុងគោលដៅបង្កើតធនធានកីឡាករ កីឡាការិនីឱ្យបានចំនួនច្រើនរហូតដល់រាបរយនាក់នាពេលខាងមុខ។ គោលដៅរបស់គ្រូបង្វឹកត្រូវបង្កើនស្មារតី ក្នុងការបង្កើនធនធានសក្កានុពលឱ្យបានច្រើន ត្រៀមប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិ។

ជាមួយគ្នានោះ ឯកឧត្តមបានសំណូមពរឱ្យថ្នាក់ដឹកនាំយូដូត្រូវរួមគ្នាគិតប្រយោជន៍កីឡាយូដូជាធំ និងត្រូវមានក្តីស្រមៃលើប្រភេទកីឡារបស់ខ្លួនឈានទៅដល់ការប្រជែងដណ្តើមបានមេដាយជូនកម្ពុជាពីអូឡាំពិកហ្គេម នាឆ្នាំ២០២៨។ ប្រសិនបើកីឡាយូដូដណ្តើមបានមេដាយមួយជូនេះជាតិបានមែននោះ កីឡាករ កីឡាការិនីនឹងក្លាយជាវិរបុរសរបស់កម្ពុជាជារៀងរហូត។

គួរបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាយូដូ ថ្នាក់ជាតិនេះត្រូវបានធ្វើឡើងរយៈពេល ៨ថ្ងៃ ដោយបានដំណើរការចាប់ពីថ្ងៃទី០៥-១៣ ខែមិថុនា ក្រោមការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក (OS) ដែលមានសិក្ខាកាមជាគ្រូបង្វឹកចំនួន២៥នាក់ ក្រោមការចែករំលែកចំណេះដឹងពីលោក AMAR MERIDJA គ្រូជំនាញសហព័ន្ធកីឡាយូដូអន្តរជាតិ៕