លោក គង់ សុភាព ៖ ក្រុមជម្រើសជាតិទូកកម្ពុជាទទួលបានលេខ៦ ជាលទ្ធផលល្អមួយ ក្នុងការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិន

Toyota long bar

លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកីឡាទូកកម្ពុជាបានគូសបញ្ជាក់ ពីទីក្រុងម៉ាកាវ ប្រទេសចិនមកថា ក្រុមជម្រើសជាតិកីឡាទូកនាគកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៦ ដោយមិនទទួលបានមេដាយទេ ប៉ុន្តែទទួលបានពានរង្វាន់លើកទឹកចិត្តពីការរៀបចំ ដោយក្រុមកម្ពុជាបានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ។

គ្រូជំនួយ បន្ថែមថា ក្នុងការប្រកួតអន្តរជាតិនេះ ក្រុមទូកនាគកម្ពុជាបានឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះជាច្រើនប្រកួត និងចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលមាន៦ទូក ចូលរួមប្រជែងមេដាយ។

លោក គង់ សុភាព សង្កត់ធ្ងន់ថា ក្រុមកម្ពុជាបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយនេះក៏ជាលទ្ធផលល្អមួយ សម្រាប់ការខិតខំអស់ពីលទ្ធភាពរបស់ក្រុមកម្ពុជា ដោយសារការចូលរួមនេះមានក្រុមជម្រើសជាតិខ្លាំង កម្រិត ASIAN Games។ យ៉ាងណា តាមរយៈលទ្ធផលនេះ ក្រុមកីឡាទូកកម្ពុជានឹងបន្តការខិតខំបន្ថែមទៀត ដើម្បីសម្រួចការអភិវឌ្ឍត្រៀឆ្ពោះទៅចូលរួមការប្រកួតអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។

Royal Group

ចំពោះលទ្ធផល នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ (2024 SJM Macao International Dragon Boat Races) នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ក្រុមទូកនាគកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍កីឡាទូកអន្តរជាតិនេះ មានក្រុមចូលរួម ចំនួន៣២ក្រុម លើវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ២២នាក់ ។ ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់មេដាយ រួមមាន៖ លេខ១ មេដាយមាស ក្រុមកីឡាទូកនាគប្រទេសចិន, លេខ ២ មេដាយប្រាក់ ក្រុមកីឡាទូកនាគប្រទេសថៃ, លេខ ៣ មេដាយសំរឹទ្ធ ក្រុមកីឡាទូកនាគចិនម៉ាកាវ។

គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទូកនាគកម្ពុជាមានចំនួនសរុប២៨នាក់ ដឹកនាំលោកវរសេនីយ៍ទោ វ៉ា គ្រី អគ្គលេខាធិការង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាទទួលបន្ទុកជាប្រធានប្រតិភូ, កញ្ញា មាស តឿ, កញ្ញា សួង ចាន់តូរ៉ាទី ជាអនុប្រធានប្រតិភូ និងកញ្ញា គួយ ស៊ីងឡេង មន្ត្រីសម្របសម្រួល និងគ្រូបង្វឹក លោក Naing Naing Htoo ជាគ្រូបង្វឹក អមដោយគ្រូជំនួយ លោក គង់ សុភាព៕