គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបើកយុទ្ធនាការអនុវត្តគម្រោង “មេធាវីដល់មូលដ្ឋាន”

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានបើកយុទ្ធនាការ អនុវត្តគម្រោង“មេធាវីដល់មូលដ្ឋាន” ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ប្រតិភូគណៈមេធាវីពីតាមបណ្តារាជធានីខេត្ត និងសាលាជម្រះក្តីជាន់ខ្ពស់ និងគ្រូបង្គោលសម្រាប់មេធាវីដល់មូលដ្ឋាន ប្រមាណ១៦០រូប។ 

គម្រោងនេះ មានគោលបំណងសំខាន់ចំនួន៤ គឺ ទី១) ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ទី២) ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ ទី៣) ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយឥតគិតកម្រៃជូនប្រជាពលរដ្ឋ និងទី៤) បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ តាមរយៈគម្រោងនេះ គ្រូបង្គោលទាំងអស់នឹងចុះផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់មូលដ្ឋានទៅដល់ថ្នាក់ដឹកនាំ ភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងគណៈអភិបាល ក្រុង ស្រុក ខណ្ឌ នៅតាមមូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹង សមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាននិងអ្នកអនុវត្តច្បាប់ គុណភាពនិងស័ក្តិសិទ្ធភាពនៃការអនុវត្តច្បាប់ និងពង្រឹងវិស័យយុត្តិធម៌តាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយមិនយកកម្រៃ។លើសពីនេះការជ្រើសរើសគ្រូបង្គោលក៏ទទួលបានការគាំទ្រច្រើនលើសលប់ ដោយមានមេធាវីស្ម័គ្រចិត្តជាគ្រូបង្គោលមានចំនួន ១៥៧រូប និងសំណើសុំចុះឈ្មោះជាបន្តបន្ទាប់ទៀតផងដែរ ដែលលើសចំនួនដើមដែលបានកំណត់ (ចំនួន ១២៥រូប)។ 

ឯកឧត្តម ប្រធានក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមពីសំណាក់បងប្អូនសហភាតាក្នុងនាមជាគ្រូបង្គោលសម្រាប់គម្រោងនេះមានអត្ថប្រយោជន៍ ៤ សំខាន់ៗ ដែលក្នុងនោះរួមមាន៖ ១) ចូលរួមគាំទ្រសកម្មភាពគណៈមេធាវី ដែលជាស្ថាប័នប្រមូលផ្តុំ របស់មេធាវីទាំងអស់ ២) ចូលរួមគាំទ្រដល់វិជ្ជាជីវៈរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ៣) ចូលរួមជួយដល់សង្គម ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយច្បាប់ អប់រំច្បាប់ លើកកម្ពស់សិទ្ធិទទួលបានយុត្តិធ៌ម និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា និង ៤) បង្កើតឱកាសសម្រាប់ខ្លួនឯងផងដែរ ដើម្បីទទួលបានគ្រឿងកិត្តិយសគណៈមេធាវីនាពេលអនាគត។ 

តាមរយៈការស្នើសុំពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃនឹងផ្តល់ ការគាំទ្រលើគម្រោងនេះតាមរយៈការផ្តល់កិច្ចសហការនិងសម្របសម្រួលជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំផ្សព្វផ្សាយច្បាប់ ដល់មន្រ្តីរាជការពាក់ព័ន្ធ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលដូចការគ្រោងទុក។

 ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតនិងសម្រួលឱ្យមានកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត នៅក្នុងការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាននេះ។ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តពីដើមខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

ឯកឧត្តម លី ច័ន្ទតុលា មានប្រសាសន៍ថា៖ “គោលការណ៍នីតិរដ្ឋនិងដំណើរការរបស់ប្រព័ន្ធច្បាប់ អាស្រ័យចម្បងទៅនឹងការយល់ដឹងអំពីច្បាប់ពីសំណាក់អ្នកអនុវត្តច្បាប់។ ការស្ម័គ្រចិត្តរបស់សហភាតាទាំងអស់ ចូលរួមក្នុងនាមជាគ្រូបង្គោលសម្រាប់គម្រោងនេះ ស្តែងឱ្យឃើញពីឆន្ទៈខ្ពស់ក្នុងការចូលរួមដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ព្រមទាំងជាការចូលរួមក្នុងសកម្មភាពសង្គម ជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាពលរដ្ឋល្អមួយរូបផងដែរ ”។

គួរបញ្ជាក់ថា ការប្រកាសបើកជាផ្លូវការនូវយុទ្ធនាការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាន ក៏មានការចែករំលែក និងបង្ហាញអំពីឯកសារនិងខ្លឹមសារនៃការផ្សព្វផ្សាយ អំពីវិជ្ជាជីវៈមេធាវី និងច្បាប់មូលដ្ឋានជូនដល់គ្រូបង្គោលដើម្បីត្រៀមខ្លួនចុះផ្សព្វផ្សាយនាពេលខាងមុខ។ អង្គពិធីក៏បានពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមសំដៅធានាឯកសារសម្រាប់ការផ្សព្វផ្សាយមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់មន្រ្តីអនុវត្តច្បាប់នៅមូលដ្ឋាន ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគម្រោងផងដែរ៕