ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងដើម្បីផ្ដល់ជាព័ត៌មានបច្ចុប្បន្នភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជូនដល់សមាជិកសមាជិការរដ្ឋសភា និងព្រឹទ្ធសភា ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាព ទិសដៅ និងគោលដៅយុទ្ធសាស្ត្រចុងក្រោយសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានឈានដល់កម្រិតស្ដង់ដារ និងឧត្ដមានុវត្តអន្តរជាតិដែលរាជរដ្ឋាភិបាលរំពឹងទុក។ 

លើសពីនោះទៀត សិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាពេលនេះ ក៏នឹងផ្ដល់ជាធាតុចូលជូនអង្គនីតិប្បញ្ញត្តិ ដើម្បីអនុវត្តតួនាទីនីតិកម្ម តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ ព្រមទាំងលើកកម្ពស់តួនាទីរបស់អង្គនីតិប្បញ្ញត្តិក្នុងការចូលរួមក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការលើកកម្ពស់តួនាទីភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិចំពោះកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា អាជ្ញាធរសវនកម្មជាតិ និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរផងដែរ។