ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vu Van Chien នាយកសាលាបណ្តុះបណ្តាលអធិការកិច្ច

រដ្ឋធានីហាណូយ៖ ព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vu Van Chien នាយកសាលាបណ្តុះបណ្តាលអធិការកិច្ច ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធអំពីសាលាបណ្តុះបណ្តាលអធិការកិច្ចវៀតណាម នៅសាលាបណ្តុះបណ្តាលអធិការកិច្ច រដ្ឋធានីហាណូយ។

សូមជម្រាបជូនថា សាលាបណ្តុះបណ្តាលអធិការកិច្ច ជាអង្គភាពមួយចំណុះឱ្យអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដែលមានតួនាទីបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញចាំបាច់នានាក្នុងទិដ្ឋភាពអធិការកិច្ចជូនអង្គភា ព និងបុគ្គលិកនៃសាខាអធិការកិច្ច (Inspection  Branch)។ សាលាបណ្តុះបណ្តាលអធិការកិច្ច គឺបណ្តុះបណ្តាលផ្តោតលើជំនាញជាច្រើនដូចជា៖ ១.ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តលអធិការកិច្ច, ២.ការបណ្តុះបណ្តាល និងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការអធិការកិច្ច, ៣.ការបណ្តុះបណ្តាល និងអភិវឌ្ឍប្រតិបត្តិការអធិការកិច្ចសំខាន់ៗ, ៤.ការបណ្តុះបណ្តាល និងអភិវឌ្ឍអធិការកិច្ចជាន់ខ្ពស់, ៥.ការបណ្តុះបណ្តាល និងអភិវឌ្ឍលើជំនាញអធិការកិច្ចពិសេសដោយធ្វើបច្ចុប្បន្នភាព ដើម្បីបម្រើដល់បេសកម្មរបស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមក្នុងការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ និងប្រឆាំងនឹងអំពើពុករលួយ។