គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ជាមួយរដ្ឋបាលខេត្តព្រះវិហារ 

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញាតិពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនិងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។ 

បេសកកម្មរបស់គណៈប្រតិភូរដ្ឋសភានាពេលនេះ គឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានជម្រាបជូនពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ព្រមទាំង វិស័យកិច្ចការនារីផងដែរ។ 

ក្រោយពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមកលោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលខិតខំបំពេញការងារជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវអភិក្រម៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបានដាក់ចេញនូវគោលនយោបាយ៦ចំណុចបន្ថែមទៀត រួមមាន ការពង្រឹងវិជ្ជាជីវៈបច្ចេកទេស ការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសម៌ធម៌ ការលើកម្ពស់សុខមាលភាពសង្គម ការអភិវឌ្ឍឯកជនទាក់ទងនិងការងារ ប.ស.ស ការអភិវឌ្ឍ សហគ្រាសធនតូចនិងមធ្យម សហគ្រិនភាព ការអភិវឌ្ឍទីផ្សារការងានិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍដោយភាពធនចីរភាព  ការពង្រឹងផលលាភវិទ្យាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។  

លោកជំទាវក៏បានជំរុញឱ្យអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមិនឆ្លង ក៏ដូចជាជំងឺផ្សេងៗ ជាពិសេសគឺការលើកទឹកចិត្តឱ្យប្រជាជនចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលយកនូវសេវាសុខាភិបាលដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕