ឯកឧត្តម ឈិន កេតនា ÷ ឆ្នាំនេះពិធី “រុក្ខទិវា” នឹងប្រារព្ធរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្រុកត្រាំកក់ ខេត្តតាកែវ

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ មានប្រសាសន៍ថា ឆ្នាំនេះពិធី “រុក្ខទិវា” នឹងប្រារព្ធរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការ​បញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំពិធី “រុក្ខទិវា” នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ តំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំមានប្រសាសន៍យ៉ាងដូច្នេះថា ពិធី “រុក្ខទិវា” នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។ ឯកឧត្តម ឈិន កេតនា បានជម្រាបជូននូវមតិណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីខេត្តពោធិ៍សាត់ គប្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តនូវរាល់ភារកិច្ចជំនាញនីមួយៗ ដូចជាការរៀបចំព្រះពន្លាជ័យ ការចូលរួមពីសំណាក់មហាជន ប្រជារាស្ត្រ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការត្រៀមកូនឈើ គ្រប់ប្រភេទជាដើម សំដៅធ្វើឲ្យការរៀបចំពិធី រុក្ខទិវា ០៩ កក្កដា ប្រព្រឹត្តទៅឲទទួលបានជោគជ័យ និងប្រកបទៅដោយសភាពដ៏មហោឡារិកអធិកអធមក្រៃលែង ដើម្បីនាំមកនូវឧត្តមប្រយោជន៍នៃ ការលូតលាស់វិស័យព្រៃឈើ សត្វព្រៃ​ ជីវសាស្ត្រចម្រុះ និងនាំមកនូវការរីក ចម្រើននៃរមណីយដ្ឋានទេសចរណ៍ជាដើម ។ ឯកឧត្តម បានជម្រាបជូន អំពីអត្ថន័យ និងសារសំខាន់នៃពិធី រុក្ខទិវា ០៩ កក្កដា ដែលជាមរតកដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងបានយកព្រះទ័យទុកដាក់ចំពោះការដាំដុះព្រៃឈើដ៏ មានផលប្រយោជន៍សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីបានពិភាក្សាផ្លាស់ប្តូរយោបល់មួយរយៈពេលមក អង្គប្រជុំបានឯកភាព និងកំណត់បែងចែកភារកិច្ចជូន ដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប ដើម្បីសហការចាត់តាំងអនុវត្តកិច្ចការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ។