រដ្ឋបាលខេត្តមណ្ឌលគិរី បន្តចូលរួមយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក ទេ” និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ខេត្តមណ្ឌលគិរី÷លោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៤ រួមដំណើរដោយលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន,ការិយាល័យដែនជម្រក សត្វព្រៃកែវសីមាសហការជាមួយអង្គការWCS ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក ទេ” និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅសាលាឋមសិក្សាអូរអាម ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយ មាន ការចូលរួមពីលោកអភិបាលរងស្រុកកែវសីមា មេភូមិ មេឃុំ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់។

សាលាបឋមសិក្សាអូរអាមបានទទួលនូវយុទ្ធនាការទីពីរ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថានកាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៤ ក្រោយយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានសាលាជាង ១.០០០ នៅទូទាំងប្រទេស និងមានសិស្សានុសិស្សចូលរួមជាង ១លាននាក់ អនុវត្តទទួលបានជោគជ័យរួចមក ។ កិច្ចការងារនេះឆ្លើយតបទៅយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន (ភាពស្អាត ភាពបៃតង និងចីរភាព)។

«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលសាលាបឋមសិក្សាអូរអាម ចាប់ផ្តើមអនុវត្តបានដាក់កម្រិតយ៉ាងតឹងរឹង ក៏ព្រោះតែសាលារៀនគឺជាថ្នាលបណ្តុះចំណេះដឹងទូទៅ អប់រំសីលធម៌ សុជីវធម៌ និងឥរិយាបថ,ហាត់ពត់លត់ដំនៃការរស់នៅពីក្មេង និងឲ្យសិស្សកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ មានគុណភាពសម្រាប់ប្រទេសជាតិ ។

ពាក្យស្លោកនេះថ្វិត្បិតមានខ្លឹមសារខ្លីតែបើគិតពីអនាគតរបស់កូនខ្មែរតជំនាន់ វាមានរយៈពេលវែងឆ្ងាយណាស់ វាមានអត្ថន័យទូលំទូលាយជ្រាលជ្រៅ បំផុសឲ្យខ្មែរ យើងគ្រប់រូប បើកបេះដូងទទួលយក និងអនុវត្តព្រមគ្នា ទើបសង្គមខ្មែរយើងស្អាត សង្គមយើងស្អាត ពលរដ្ឋរស់នៅប្រកបដោយផាសុកភាព វិស័យទេសចរណ៍យើងក៏ស្រស់បំព្រង ហើយស្រូបទាញដួងចិត្តជនបរទេសឲ្យចូលមកកម្សាន្តច្រើនថ្កើនជីវភាពប្រជាពលរដ្ឋយើង ៕