ពលរដ្ឋស្រុកឈូកសម្តែងក្តីត្រេកអរនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលបន្ទាប់ពីទទួលបានផ្លូវល្អងាយស្រួលធ្វើដំណើរខណៈការរស់នៅក៏កាន់តែប្រសើរ

ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ ១៣៣A ដែលតភ្ជាប់ពីផ្សារឈូក ស្រុកឈូក ទៅកាន់ស្រុកអង្គរជ័យ បានសម្តែងក្តីត្រេកការអរយ៉ាងខ្លាំង បន្ទាប់ពីទទួលបានផ្លូវល្អ ងាយស្រួលធ្វើដំណើរ និងប្រកបរបររកស៊ីទទួលទាន ព្រមទាំងបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ ពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាកដឹកនាំខេត្ត ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ពលរដ្ឋ ពិសេសនៅតាមទីជនបទ។ប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងរស់នៅតាមដងផ្លូវជាតិលេខ១៣៣A (ផ្សារឈូក-អង្គរជ័យ) ក្នុងភូមិសាស្ត្រភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត បានបង្ហាញទឹកចិត្តត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បានលើកកម្ពស់គុណភាពផ្លូវជាតិ១៣៣A ពីផ្លូវក្រាលគ្រួសក្រហម ដែលពីមុនមានជង្ហុក បែកភក់នៅរដូវវស្សា និងហុយខ្លាំងនៅរដូវប្រាំង មកជាផ្លូវកៅស៊ូ ស្អាត ងាយស្រួលក្នុងការធ្វើដំណើរ ផ្តល់នូវភាពងាយស្រួលក្នុងការប្រកបរបររកស៊ីទទួលទានប្រចាំថ្ងៃ ព្រមទាំងបានផ្តល់ឱ្យជីវភាព និងជីវិតរស់នៅកាន់តែល្អប្រសើរជាងមុន។ ពលរដ្ឋបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ ពិសេសថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងបានផ្តល់ផ្លូវល្អសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយគម្លាតជីវភាព រវាងអ្នករស់នៅទីប្រជុំជន និងទីជនបទ។ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត លោក ហ៊ សូរិន បានប្រាប់ឱ្យដឹងថា ផ្លូវជាតិលេខ១៣៣A ដែលតភ្ជាប់ពីផ្សារឈូក ស្រុកឈូក ទៅកាន់ផ្លូវជាតិលេខ៣១ ក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ មានប្រវែង ២០,៣៨២ម៉ែត្រ ឆ្លងកាត់ស្រុកចំនួន២ (ដោយភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារឈូក ទៅផ្លូវជាតិលេខ៣១ ត្រង់ចំណុចច្រកសៀមស្រុកអង្គរជ័យ) និងឆ្លងកាត់ឃុំចំនួន៤។ ផ្លូវមួយខ្សែនេះ ស្ថាបនាសាងសង់ដោយក្រុមហ៊ុន IL SUNG របស់កូរ៉េ ដែលបច្ចុប្បន្នសម្រេចការសាងសង់បានរង្វង់៨០% ផ្លូវនេះសម្រាប់តភ្ជាប់ចរន្តសេដ្ឋកិច្ចរបស់ពលរដ្ឋស្រុកឈូក និងស្រុកអង្គរជ័យ តាមរយៈការដោះដូរផលិតផលកសិកម្មផ្សេងៗមកកាន់ទីផ្សារ មានផ្សារឈូក ឬផ្សាតានីជាដើម៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត