សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និង និយ័តករមូលបត្រកម្ពុជា ឯកភាពគ្នា លើ “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា”

សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និង និយ័តករមូលបត្រកម្ពុជា ឯកភាពគ្នា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី“កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា”  និងយុទ្ធនាការផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងវិស័យមូលបត្រ” ។ ពិធីចុះនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព អឺរ៉ុប អ្នកឧកញ៉ា កិត្តិបណ្ឌិត លី ឃុនថៃ  ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅសាលសន្នសីទ សាកលវិទ្យាល័យ អាស៊ី។ អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ២ សំខាន គឺ ៖ (១)-អភិវឌ្ឍទីផ្សារមូលបត្រ និងកសាងធនធានមនុស្សនៅក្នុងវិស័យមូលបត្រដល់និស្សិត វិនិយោគិនសក្តានុពល អ្នកចូលរួមក្នុងទីផ្សារមូលបត្រដទៃទៀត និងសាធារណជនទូទៅប្រកបដោយចំណេះដឹង និងវិជ្ជាជីវៈជំនាញ (២)-បណ្តុះ និងពង្រីកចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅ ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែផុសផុលដល់និស្សិតនៅថ្នាក់ឧត្តមសិក្សា និងសាស្ត្រាចារ្យ។ អ្នកឧកញ៉ា កិត្តិបណ្ឌិត លី ឃុនថៃ បានមានប្រសាសន៍ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានផ្តល់ឱកាសបន្ថែមទៀតជូនដល់ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ដើម្បីទទួលបាននូវការអប់រំ បណ្ដុះបណ្ដាល និងសិក្សាស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យមួយ ក្នុងចំណោម  វិស័យហិរញ្ញវត្ថុផ្សេងៗដទៃទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបត់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានទៅមុខជាលំដាប់ ដែលធ្វើឱ្យវិនិយោគិនសក្ដានុពល សាធារណជន មន្រ្ដីរាជការ និងនិស្សិតនៅតាមគ្រឹះស្ថានអប់រំមានការចាប់អារម្មណ៍ និងយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីវិស័យមូលបត្រនេះ។ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការចុះ MOU នៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពមួយនៅក្នុងការជំរុញការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ជាពិសេសទៅដល់ទំពាំងរបស់យើងដែលនឹងក្លាយជាឬស្សី ជាធនធានដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យមូលបត្រ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ហើយវាក៏បង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍនូវធនធានមនុស្សល្អៗនៅក្នុងប្រទេសកម្ពុជាជាទីស្រឡាញ់របស់យើង។   ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្មវិធីនាព្រឹកនេះ បែងចែកជាពីរវគ្គ ទី១៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ច-សហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា”  និងទី២៖ កម្មវិធីយុទ្ធនាការផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការ វិនិយោគក្នុងវិស័យមូលបត្រ” ដែលយើងនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ ផងដែរ ។   គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានដៃគូសហការសរុបចំនួន៦៣ ដែលក្នុងប្រទេសមានចំនួន២៩ (ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន០៩ ក្រុមហ៊ុនឯកជនចំនួន១២ ស្ថាប័នអប់រំចំនួន០៤ ស្ថាប័នរដ្ឋចំនួន០៣ និងអង្គការចំនួន០១) និងក្រៅប្រទេសមានចំនួន៣៤ (ក្នុងនោះជាមួយប្រទេសចិនចំនួន ២១) ដែលដៃគូទាំងអស់នោះបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការសិក្សារវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក និងការស្រាវជ្រាវ ផ្តល់ឱកាសចុះកម្មសិក្សា ព្រមទាំងផ្តល់ឱកាសការងារជាដើម៕