ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់ ។

(ភ្នំពេញ) ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីតម្រូវការបច្ចេកវិទ្យាក្នុងការងារបោសសម្អាតមីន និងគ្រាប់។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមកិច្ចសហការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (HDR&D Program) នៃសហរដ្ឋអាមេរិក និងអាជ្ញាធរមីន ព្រមទាំងមានការចូលរួមពីលោកស្រី Aleks Zittle អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា, លោក Sean Burke កម្មវិធី HDR&D, តំណាងស្ថានទូតនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ។

ក្នុងសិក្ខាសាលានេះ លោក Sean Burke នាយកកម្មវិធី HDR&D បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការគាំទ្រដល់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក៏ដូចជាការរួមចំណែករបស់កម្មវិធី HDR&D ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងការគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិនៅកម្ពុជា។

លោក Sean Burke បានទទួលស្គាល់នូវសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយ លើវិស័យសកម្មភាពមីន ក្នុងនោះក៏មានការរួមចំណែកនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ផងដែរ។ លោកបន្តទៀតថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ បានបង្ហាញពីប្តេជ្ញាចិត្កខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការរាវរក និងកំទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ជាពិសេសអាចកំណត់បានកាន់តែច្បាស់នូវប្រភេទសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺបានបង្ហាញពីមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងនោះភាពជាដៃគូលើដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានរួមចំណែកថវិកាប្រមាណ ២០៨ លានដុល្លារ ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា រួចមកហើយ។ ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យាទំនើបដល់មកកម្ពុជា ក្នុងការគោលដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ការងារបោសសម្អាតមីន និងគ្រាប់ ដែលការបង្កើតបច្ចេកវិទ្យាបោសសម្អាតមីននេះ កម្មវិធី HDR&D បានជ្រើសយកប្រទេសកម្ពុជា ជាទីតាំងសម្រាប់ការសាកល្បង និងជាគោលដៅក្នុងការផលិតសម្ភារបច្ចេកវិទ្យាទាំងនេះ មុននឹងដាក់ឱ្យដំណើរការប្រើប្រាស់ទូទាំងពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាទំនើប បានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យស្របនឹងសម័យឌីជីថល ដែលកំពុងប្រើប្រាស់ទូទាំងពិភពលោល។ ក្នុងនោះ ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់ថា អ្នកដោះមីនកម្ពុជា ប្រមាណជាង ៥០០០នាក់ ដែលកំពុងបំរើបេសកកម្មនៅទីវាលផ្ទាល់ នឹងកាន់ទទួលបានសុខសុវត្ថិភាព និងលទ្ធផលល្អប្រសើរ។ ជាមួយនឹងការប្រើប្រាស់សម្ភារបច្ចេកវិទ្យាទំនើបនេះ នឹងធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនឲ្យកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនសហរដ្ឋមន្រ្តី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ ហើយប្រទេសកម្ពុជា នៅតែបន្តត្រូវការគាំទ្រ និងរួមចំណែកពីសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត និងគ្រប់ដៃគូអភិវឌ្ឍន៍ លើវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់យ៉ាងមុះមាំថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យើងទាំងអស់នឹងអាចទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាមីន ហើយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងត្រូវបានកាត់បន្ថយជាអតិបរមា និងអាចឈានទៅលប់បំបាត់ចោលទាំងស្រុង នាពេលអនាគតដ៏ខ្លី។