ឯកឧត្តម វ៉ាត់ ចំរើន បញ្ចាក់ថា ជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែមកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់និស្សិត

ឯកឧត្តម  វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែម កម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់សិស្ស-និស្សិតរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាព នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៅក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៧៦៤នាក់ និងមកពី ៤៨គ្រឹះស្ថានអប់រំទូទាំងប្រទេស។

ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចូលរួមប្រកួត ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ គ្រឹះស្ថានមិនទាន់បានចូលរួម និងបញ្ចូនកីឡាករ-កីឡាការិនីចូលរួមកាន់តែច្រើន ដើម្បីជំរុញព្រឹត្តិការណ៍ថ្នាក់ជាតិនេះឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ និងមានគុណតម្លៃបន្ថែមទៀត។

ឆ្លៀតឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានស្នើសុំយ៉ាងទទូចដល់បណ្ដាគ្រឹះស្ថានអប់រំទាំងអស់ថា «សូមមេត្ដាព្យាយាមក្នុងការបង្កើននូវកម្មវិធីអប់រំកាយ និងកីឡា ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការបន្ថែមនូវកម្មវិធីកីឡាក្រៅម៉ោងសិក្សាជូនដល់សិស្ស-និស្សិត ដែលជាថ្នាលនៃអនាគតជម្រើសជាតិកម្ពុជា។ ក្រសួងតែងតែធ្វើទំនើបកម្មជានិច្ច ក្នុងការរៀបចំកម្មវិធីប្រកួតកីឡា និងអភិវឌ្ឍន៍បច្ចេកទេសកីឡា ដើម្បីប្រែក្លាយឲ្យកីឡាជាតិរបស់យើង ក្លាយទៅជាកត្ដាដ៏សំខាន់មួយក្នុងការអប់រំដែលមិនអាចខ្វះបាន»។

សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ គឺមាន ១៣ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា និងសរុបមានចំនួន ៧១៨មេដាយ៕