អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលថវិកាអបអរទិវា ៨ឧសភា ពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា

ដើម្បីចូលរួម អបអរសាទរខួប១៦១ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ជា ផល្គុន បាននាំយកថវិកា ចំនួន៤០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជា វិភាគទានជួយទ្រទ្រង់ សមាគមជាតិមួយនេះមាននិរន្តរភាពក្នុងសកម្មភាពមនុស្សធម៌។

នៅក្នុងពិធីប្រគល់ទទួលថវិកាសប្បុរសធម៌ ដែលប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហម កម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជាក្នុងនាម សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរ គុណយ៉ាងជ្រៀលជ្រៅ ជូនចំពោះ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ដែលមាន សមានចិត្តសប្បុរសធម៌ ចូលរួមចំណែក ជាមួយ កាកបាទក្រហមកម្ពុជា ហើយ សកម្មភាពដ៍ ថ្លៃថ្លានេះគឺជាកម្លាំងចលករមិនអាចខ្វះបានជួយទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា។លោកជំទាវ បានជម្រាបជូន ផងដែរថា ២០២៤នេះ គឺជាឆ្នាំទី៥ហើយ ដែល កាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហមក្រហម៨ឧសភាប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជាសូមទទួលស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារះផ្សេងៗ ជូន កាកបាទក្រហមកម្ពុជាតាមរយៈការអញ្ជើញមកផ្ទាល់ដល់ទីស្នាក់ការកណ្ដាលឬចាត់តំណាងនាំមកប្រគល់ជូនក៍ដូចជាការផ្ដល់ជូន តាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា សូមចាត់ទុកវិភាគទាន ទាំងនោះ គឺសុទ្ធតែបានរួមចំណែកធ្វើឱ្យ ស្ថាប័នមនុស្សធម៌ មួយនេះ មានលទ្ធភាព បន្តបំពេញបេសកកម្ម ជួយសង្គ្រោះជនរងគ្រោះនិងរងគ្រោះបំផុតបានទាន់ពេលវេលាយ៉ាងពិតប្រាកដ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ខ អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមជា សុមេធី បានសម្តែងការគោរពនិងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា ក្រោម ការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ដែលបាន គាំទ្រលើកទឹកចិត្ត និងចូលរួម យុទ្ធនាការ សប្បុរសធម៌ ក្នុងសង្គម ជាពិសេសបាននិងកំពុង ជួយសម្រួល ការលំបាក បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ក្នុងនោះក៍មានអតីតយុទ្ធ ជនក្រីក្រផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងថ្នាក់ដឹកនាំក៍ដូច ជាសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់មានសុខភាពល្អដើម្បីបន្តបេសកកម្មមនុស្សធម៌នេះបានយូរអង្វែងតរៀងទៅ។

សូមបញ្ជាក់ថា ថវិកាសប្បុរសធម៌ ដែលឯកឧត្តម ជាសុមេធី និងលោកជំទាវ ជាផល្គុន ប្រគល់ជូនកាកបាទ ក្រហមកម្ពុជានាពេលនេះចំនួន៤០លានរៀល។

 កាកបាទក្រហមកម្ពុជាដែលមាន សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ជាសុមេធី និងលោកជំទាវជាផល្គុន ក្រុមគ្រសារ រួមទាំងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ ថវិកាស្បៀង និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយ ឆន្ទៈមោះមុតនិងជ្រះថ្លា ជួយកាកបាទក្រហមកម្ពុជា តាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះ កាន់តែទទួលបានជោគជ័យ ថែមមួយកម្រិតទៀត ក្នុង បេសកកម្មមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះនិងងាយរងគ្រោះនៅព្រះរាជាណាចក្រកម្ពុជា៕