កម្ពុជា-ចិនរួមគ្នាចែករំលែកពុទ្ធិនិងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់

ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ថ្លែងទៅកាន់អង្ពពិធីសរុបចំនួន១០០រូបដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី«ការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់» រួមមានមន្ត្រីសាលាស្រុកបន្ទាយស្រី សាលាឃុំទាំង៦របស់ស្រុកបន្ទាយស្រី នគរបាល កងរាជអាវុធហត្ថ កងទ័ព យុវជន និងសិស្សានុសិស្សក្នុងស្រុកបន្ទាយស្រី លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីទ្រឹស្តីនៅសាលាស្រុកបន្ទាយស្រីពេញ១ថ្ងៃនេះគឺក្នុងគោលបំណងសំខាន់ចំនួន២គឺ ១-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែករវាងអ្នកជំនាញកម្ពុជានិងចិននៃខេត្ត-ក្រុងសម្ព័ន្ធភាពលើការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ និង២-រួមចំណែកអបអរសាទរឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងប្រជាជនចិនដើម្បីទាក់ទាញទេសចរចិនឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាបនិយាយដោយឡែក ទស្សនាកម្ពុជានិយាយរួម។ 

ក្នុងនាមគណៈប្រតិភូចិន និងអ្នកជំនាញគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាលាស្រុកបន្ទាយស្រី ហើយតាមរយៈអង្គវេទិកានេះ អ្នកជំនាញដែលអញ្ជើញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង រួមជាមួយមូលនិធិចិនPEACELANDនឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយក្រុមការងារនៅមូលដ្ឋានស្រុកបន្ទាយស្រីដែលរួមមានកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ដែលពោរពេញដោយជំនាញនិងបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីបង្កើនពុទ្ធិនិងចែករំលែកបទពិសោន៍កាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។ 

លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះវេទិកាដែលរួមគ្នារៀបចំរវាងភាគីកម្ពុជានិងភាគីចិន ដើម្បីរួមចំណែកដល់រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរឈានឆ្ពោះទៅសម្រេចបានភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃសហគមន៍ជោគវាសនារួមចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ 

លោក រិន ឡូត អភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី បានថ្លែងថា វេទិកាទាំងទ្រឹស្តី និងការអនុវត្តរយៈពេល២ថ្ងៃនេះដោយទទួលបានការគាំទ្រពីសាលាខេត្តសៀមរាប ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិនPEACELAND និងអង្គពាក់ព័ន្ធនានាពិតជាបានជួយសម្របសម្រួលដល់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនដែលបានចូលរួមដល់ការអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្សដែលជាពិសេសផ្តោតលើជំនាញគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់នៅក្នុងស្រុកបន្ទាយស្រី ពិតជាបានចូលរួមចំណែកក្នុងការអនុវត្តតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមបង្កើនកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងប្រជាជនចិនថែមទៀតផង ៕