ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ជួបពិភាក្សាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Pedro Swahlen បានសម្តែងនូវការអបអរសាទរដល់កម្ពុជា ដែលត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុញ្ញាអូតាវ៉ា ហើយប្រទេសស្វីសនឹងបន្តគាំទ្រដល់ដំណើរការរៀបចំនៃកិច្ចប្រជុំកំពូលនេះ ផងដែរ។ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ឯកឧត្តម Pedro Swahlen បានថ្លែងថា ប្រទេសស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន។

ក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់ដល់ឯកអគ្គរដ្ឋទូតស្វីស អំពីការយកចិត្តទុក និងការតាំងចិត្តខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងការអភិវឌ្ឍ។ 

ពាក់នឹងការងារសកម្មភាពមីន ប្រទេសស្វីស គឺជាដៃគូដ៏សំខាន់។ តាងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលស្វីស ដែលតែងតែជួយគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ក្នុងនោះបានរួមចំណែកតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី២ និងដំណាក់កាលទី៣ និងតាមកម្មវិធីរបស់អង្គការ Halo Trust ជាដើម។ ការរួមចំណែករបស់ប្រទេសស្វីស ពិតជាបានជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏មបានថ្លែងអំណរគុណដល់ប្រទេសស្វីស ដែលបានគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។