ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងគណៈប្រតិភូ។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងរំលឹកគោរពនូវវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិតជនជាតិស្វ៊ីស Beat Richner ដែលបានចំណាយពេលវេលាទាំង កម្លាំងកាយ និងកម្លាំងចិត្តដ៏ច្រើនធំធេង ដែលបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងជាស្នាដៃមនុស្សធម៌ ប្រវត្តិសាស្ត្របន្សល់ទុកក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងអស់។

ជាកិច្ចបន្ត ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានថ្លែងការអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីគោលជំហរបន្តពង្រឹងទំនាក់ទំនងការទូតរយៈពេលជាង៦០ឆ្នាំ និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកំពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា។

ជាចុងបញ្ចប់ ក្នុងនាមជាគ្រូពេទ្យម្នាក់ និងតំណាងឲ្យមាតា និងស្ត្រីកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធស្វីស តាមរយៈ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើវិស័យសុខាភិបាល រួមមានការលើកកំពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។