កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជន ចិនជាង២ពាន់នាក់ បើកសមយុទ្ធ «នាគមាស» លើកទី៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៤ ដែលជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៦ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន។
កម្មវិធីនេះប្រារព្ធរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាវីឧត្តមទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន ។

សម្រាប់លំហាត់សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិនឆ្នាំនេះ គឺធ្វើឡើងរយៈពេល ១៤ ថ្ងៃ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នា និងការសង្រ្គោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។ លំហាត់សមយុទ្ធនាគមាស លើកទី៦នេះ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោក នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ។

ចំពោះកម្លាំងចូលរួមធ្វើសមយុទ្ធមានចំនួនសរុប២,០៧៥នាក់ ក្នុងនោះកងទ័ពភាគីកម្ពុជា ចំនួន ១៣១៥នាក់, កងទ័ពភាគីចិន ចំនួន៧៦០នាក់ ដោយឡែកគ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន៖ រថពាសដែក យន្តយុទ្ធគ្រប់ ប្រភេទសរុប ចំនួន៦៩គ្រឿង, រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត។
សមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ចំនួន១៤គ្រឿង និងឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង ខណៈខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការធ្វើភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះគឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ការស៊ើបការណ៏ដោយដ្រូន និងសង្គ្រាមបច្ចេកវិទ្យាយោធាផងដែរ។