«បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មានក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសុខភាពន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់។ បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិងក្រុមគ្រួសារ របស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែតដែលបានចុះបញ្ជីត្រឹមត្រូវជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រប៊ូយ៉ូមេឌិក។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងក៏បានផ្តល់ការឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគប្រចាំខែដល់មន្ត្រីដែលជួបការលំបាកក្នុងជីវភាពប្រមាណ ៣០០ នាក់ក្នុងមួយខែៗ។

បន្ទប់សុខភាពមន្ត្រីដែលជាផ្នែកនៃការផ្តល់ប្រឹក្សាដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវាដោយមិនគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មានក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំទារកដ្ឋានសម្រាប់ មន្ត្រីជាស្ត្រី និងកូនៗរបស់មន្ត្រីផងដែរ៕