ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ តាមរយៈស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែមានទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-ថៃ និងបានចូលរួមគាំទ្រអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា រួមទាំងក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធថែទាំសុខភាពឱ្យកាន់តែមានភាពធន់ និងរឹងមាំតាមរយៈការផ្តល់អំណោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមភាគីអំពីអាទិភាពទាំង៩របស់ក្រសួងសុខាភិបាល នៅអណតិ្តទី៧ នៃរដ្ឋសភា។

ជាកិច្ចបន្ត ឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់អំពីគោលជំហរបន្តពង្រឹង និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃព្រះរាជាណាចក្រថៃ តាមរយៈការបន្តជួយជ្រោមជ្រែងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រដល់មន្ទីរពេទ្យដៃគូនៅតាមព្រំដែន កំពុងពិនិត្យលទ្ធភាពលើការពង្រឹងសេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកអន្លង់វែង នៃខេត្តឧត្តរមានជ័យ។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើវិស័យសុខាភិបាល និងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ជាពិសេស ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ជំហបន្តគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាល រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។