សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត និមន្តដឹកនាំព្រះមន្ត្រីសង្ឃ រៀបចំពិធីបួងសួងសុំព្រះគង្តាត្រង់ចំណុចលិង្គមួយពាន់លើខ្នងភ្នំមហិន្រ្ទបព័ត (ភ្នំគូលេន) ខេត្តសៀមរាប

សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តដឹកនាំព្រះមន្ត្រីសង្ឃ រៀបចំពិធីបួងសួងសុំព្រះគង្តាត្រង់ចំណុចលិង្គមួយពាន់លើខ្នងភ្នំមហិន្រ្ទបព័ត (ភ្នំគូលេន) ខេត្តសៀមរាប សម្រាប់ទុកលាងជំរះព្រះអដ្ឋិ  ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ។ 

សូមជម្រាបផងដែរថា កាលសេចក្តីដំណាលថា ព្រះករុណាព្រះបាទជ័យវ័ន្មទី២ បានត្រាស់បង្កាប់អោយមន្រ្តីអ្នកធំអ្នកតូចក្រមការទៅធ្វើហោមពិធីយកព្រះគង្គានៅទីកន្លែងដ៏ស័ក្តសិទ្ធនេះ មកស្រោចស្រពលាងជំរះអស់មន្ទិលសៅហ្មង មានរោគព្យាធិជាដើមអោយជាសះស្បើយ។ ក្នុងការដឹកនាំហោមពិធីការនោះដោយលោកអាចារ្យ២រូប គឺលោកអាចារ្យ សិវកៃវល្យៈ និងលោកអាចារ្យ ហិរណ្យទាម និងពួកពា្រហ្មបរោហិត ៣៦នាក់ទៀត ដោយមានជំនឿថា ទឹកដែលហូរមិនចេះរីងស្ងួត ខួបប្រាំងខួបវស្សានៅលើកំពូលភ្នំ   ជាពិសេសត្រង់ចំណុចលិង្គ១០០០នេះឯង គឺជាទឹកអម្រឹតដ៏សក្តិសិទ្ធបំផុត។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនេះព្រះមន្ត្រីសង្ឃនិង ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ញាតិព្រះធម៌គ្រប់ទិសទី បាននិមន្តនិងអញ្ជើញ ប្រារព្ធបទនមស្សការព្រះរតនត្រ័យ សមាទានសីល ព្រមទាំងប្រារព្ធពិធីរាប់បាត្រ ប្រគេនទេយ្យទាន ឧទ្ទិសថ្វាយមហាព្រះរាជកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវមហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា  ដោយពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល  ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ ជាមួយគ្នានេះដែរ  យោងតាមកម្មវិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីបុណ្យព្រះសព និង ពិធីថ្វាយព្រះភ្លើង  ចាប់ពីថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ព្រះមេគណរាជធានី-ខេត្ត ព្រះគ្រូអនុគណ បង្សុកូលតាមវេនជាប្រចាំ រហូតដល់ព្រះរាជពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ។ ចំណែកព្រះរាជពិធីដង្ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរាម ដើម្បីប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង នឹងធ្វើឡើង នៅថ្ងៃចន្ទ ទី៣ ខែ មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕