ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ប្រកបដោយចីរភាព»

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ប្រកបដោយចីរភាព» បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការសម្រេចពីក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់ ADFIAP ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥- ១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។

កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាកិច្ចប្រជុំប្រចាំតំបន់មួយ មានគោលបំណងសម្រាប់ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ៍ និងយុទ្ធសាស្ត្រនៃការអនុវត្តហិរញ្ញប្បទានបៃតងដែលធានាការអភិវឌ្ឍប្រកបដោយនិរន្តភាព និងជាវេទិកាសម្រាប់ជំនួប និងទំនាក់ទំនងនៃថ្នាក់ដឹកនាំមកពីស្ថាប័នដែលជាសមាជិក ADFIAP ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួនប្រមាណ ៤០ប្រទេស និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ និងធុរកិច្ចជន សរុបប្រមាណ ៥០០ នាក់៕