ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងអំណរគុណដល់អង្គបោះឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតព្រឹទ្ធសភា និងអំពាវនាវបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី២៦ ខែឧសភាខាងមុខ 

«ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ, ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តក្រចេះដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងនិងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុកបន្តទៀត»។    នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចំនួន ២៤៤ រូប ក្នុងខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។    ពិធីសំណេះសំណាលនាឱកាសនេះ មានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមការងារគណបក្ស គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក រួមនឹងអង្គបោះឆ្នោតសរុបជាង ៥០០នាក់។    ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ បានលើកឡើងពីកិច្ចការដែលគណៈកម្មាធិការបក្សខេត្តសម្រេចបាននិងការត្រៀមខ្លួនសម្រាប់ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាពេលខាងមុខ រួមមានការជ្រើសរើសបេក្ខជន, ភ្នាក់ងារគណបក្ស និងការត្រៀមសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សខេត្តដោយធ្វើយ៉ាងណាឱ្យការបោះឆ្នោតខាងមុខទទួលបានសំឡេងគាំទ្រច្រើនលើសលប់។ ជាមួយគ្នានេះ ក៏មានការមានការបង្ហាញនូវបេក្ខភាពឈរឈ្មោះសម្រាប់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះផងដែរ។    ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិ ដែលបានពួតដៃគ្នាធ្វើកិច្ចការងារ និងលើកទឹកចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្តើមយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតខាងមុខ។    ដើម្បីធានានូវនិរន្តរភាពនៃជ័យជ្នះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំក្រុមការងារ និងបានដាក់ទិសដៅមួយចំនួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។    គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណត្តិទី៣ កន្លងទៅ នៅក្នុងខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត និងបានគ្រប់គ្រងតួនាទីជាប្រធានក្រុមប្រឹក្សាទាំងអស់ ទាំងក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកទាំង ៧៕