ក្រុមហ៊ុនជាតិ និងអន្តរជាតិ បានបង្ហាញផលិតផលរបស់ខ្លួន ក្នុងពិធីសម្ពោធពិព័រណ៏ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងសាលពិព័រណ៏កោះពេជ្រ 

នៅមជ្ឈមណ្ឌលសន្និបាត និងសាលពិព័រណ៍កោះពេជ្រ មានរៀបចំពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៤ ដែលមានរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី10 11 និងថ្ងៃទី12 ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងវិស័យធុរកិច្ច និងក្រុមហ៊ុនជាតិ និងអន្តរជាតិ ប្រមាណ២៥០០នាក់ មកពី១៦ប្រទេស ។ 

លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា÷

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៤ ដែលប្រារព្ធរៀបចំឡើងនៃឱកាសនេះ ជាវេទិកាបង្ហាញពីភាពរីកចម្រើន និងកាលានុវត្តភាពនៃសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចនវានុវត្តន៍ ទាំងកិច្ចសហប្រតិបត្តិការនិងបង្កើតបានជាឱកាសមួយសម្រាប់អ្នកចូលរួម ដើម្បីចងជាបណ្ដាញជាមួយអ្នកធុរកិច្ចនិងអ្នកពាក់ព័ន្ធសំខាន់ៗទៀតទាំងរដ្ឋនិងឯកជន ដែលទទួលបាននូវបទពិសោធន៍ល្អថ្មីៗពីនាក់ជំនាញក្នុងសិក្ខាសាលា ពិសេសការតភ្ជាប់រវាងសេវាកម្ម អាជីវកម្ម ការស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាការស្វែងយល់និងរកដំណោះស្រាយពីបញ្ហាធុរកិច្ចជារួមផងដែរ។ 

លោកជំទាវបន្តថា ក្រសួងពាណិជ្ជកម្មមានបំណងជំរុញឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏រស់រវើក មានភាពច្នៃប្រឌិតស្របតាមបរិបទសម័យកាលឌីជីថល មិនតែប៉ុណ្ណោះជារៀងរាល់ឆ្នាំក្រសួងពាណិជ្ជកម្មតែងតែរៀបចំនៅពិព័រណ៍ក្នុងប្រទេសចំនួន 4 លើក្នុងមួយឆ្នាំ និងពិពណ៌ក្រៅប្រទេសដែលមានភាពទូលាយចំនួន 2 លើក ក្រៅពីនេះក្រសួងក៏បានបញ្ជូនពាណិជ្ជករទៅចូលរួមក្នុងពិព័រណ៍ក្រៅប្រទេសផ្សេងៗទៀតផងដែរ។ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមសម្ដេចអធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាមឯកឧត្តមផ្ទាល់ វេទិកានេះជាការប្រមូលផ្ដុំនៅអ្នកធុរកិច្ចទាំងក្នុងស្រុកនិងក្រៅប្រទេស ដើម្បីបង្ហាញនិងផ្លាស់ប្ដូរទំនិញអាជីវកម្មដែលភាគច្រើនជាទំនិញនាំចូល ហើយទំនិញរបស់កម្ពុជាក៏ត្រូវបានដាក់បង្ហាញដើម្បីត្រៀមនិងធ្វើការនាំចេញផងដែរ ។ ឯកឧត្តម មានប្រសាសន៍បន្តថា ឆ្លៀតក្នុងឱកាសនេះយើងអាចនិយាយបានថា ជាវេទិកាដែលនាំទំនិញនិងសេវាកម្មក្រៅប្រទេសមកបង្ហាញក្នុងប្រទេសកម្ពុជា ហើយក៏ជាវេទិកាដែលយើងត្រូវផ្សព្វផ្សាយអំពីទំនិញនិងសេវាកម្មរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានលើកឡើងអំពីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តដល់វិនិយោគិន ទាំងជាតិនិងអន្តរជាតិ ជាមួយនឹងឧត្តមភាពប្រកួតប្រជែងនិងកាលានុវត្តភាពនានា ដែលកម្ពុជាក្លាយជាគោលដៅទាក់ទាញអ្នកវិនិយោគដ៏សំខាន់ជាអាទិ៍រួមមាន ÷ ១. រាជរដ្ឋាភិបាលកម្ពុជាការពារយ៉ាងម៉ឺងម៉ាត់និងរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយដែលជាពហុលក្ខខណ្ឌមិនអាចខ្វះបាន ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនិងធុរកិច្ច ២.រាជរដ្ឋាភិបាលកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចរឹងមាំយ៉ាងល្អប្រសើរ ៣.ពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាលកម្ពុជាតែងតែមានការកំណែទម្រង់លើវិស័យសំខាន់ៗ ជាពិសេសប្រព័ន្ធច្បាប់ដែលជាលក្ខខណ្ឌដ៏សំខាន់ និងធានាដ៏ធុរកិច្ចក៏ដូចជាការវិនិយោគក្នុងរយៈពេលយូរនៅកម្ពុជាផងដែរ ៤.រាជរដ្ឋាភិបាលតែងតែជំរុញការវិនិយោគសម្រាប់វិស័យឯកជន តាមរយៈការដាក់ច្បាប់វិនិយោគថ្មី និងលិខិតបទដ្ឋានគតិយុត្តិថ្មីសម្រាប់សម្រួលដល់ពាណិជ្ជកម្ម ការលើកទឹកចិត្តនិងផ្ដល់អត្ថប្រយោជន៍ផ្សេងៗពិសេសការដោះស្រាយបញ្ហាប្រឈមផ្សេងៗសម្រាប់វិស័យឯកជនតាមយន្តការរបស់រាជរដ្ឋាភិបាលនិងវិស័យឯកជន ៥.ជាទីតាំងយុទ្ធសាស្ត្រស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងចូលក្នុងទីផ្សារតំបន់ ៦.កម្ពុជាពោរពេញដោយកម្លាំងពលកម្មវ័យក្មេង ប្រកបដោយសក្តានុពល និងមានទស្សនៈរីកចម្រើន ។