សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមស្វែងរកធនធានជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសរៀបចំ ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ ដែលគ្រោង នឹងដំណើរការជាផ្លូវការពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត មាស សារិន មានប្រសាសន៍ថា យោងតាមផែនការប្រកួតប្រចាំឆ្នាំសហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១នេះ ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយកីឡាទាញព្រ័ត្រ និងចូលរួមបំផុសឱ្យប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត ដើម្បីទទួលបានការគាំទ្រចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៩ នៃការបើកបង្ហាញល្បែងទាញព្រ័ត្រ ដែលអង្គភាព UNESCO បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងនោះ សហព័ន្ធក៏ត្រៀមជ្រើសរើសក្រុមខ្លាំង ដែលមានសមត្ថភាពឆ្នើមៗ សម្រាប់ត្រៀមទៅចូលរួមព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិនានា ទៅតាមការអញ្ជើញរបស់សហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិ ផងដែរ។

គូសបញ្ជាក់បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងទៀតថា សំខាន់ជាងនេះ ការប្រកួតកីឡាទាញព្រ័ត្រនេះ គឺដើម្បីសម្រួចទិសដៅក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមៗ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ២០២៥ ក្នុងករណីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃធ្វើជាម្ចាស់ផ្ទះ។

យោងតាមបញ្ជីចុះឈ្មោះរបស់សហព័ន្ធនឹងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការរៀបចំ អ្នកគាំទ្រ សរុប ៩៣២នាក់ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតមានចំនួនសរុប ៣១២នាក់ ដោយមាន ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមាន៨វិញ្ញាសាផងដែរ ៕