ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំជុំវិញការត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធរៀបចំឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

Toyota long bar

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធរៀបចំឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ។កិច្ចប្រជុំនេះមានការនិមន្ត ចូលរួមពីព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះតំណាងសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទី ព្រះតំណាងសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ ព្រះតំណាងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករង ទី៣ ព្រះតំណាង សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះតំណាងសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះតំណាង ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះតំណាងព្រះគ្រូ ចរិយាកោសល ភិន មង្គលឫទ្ធី ព្រះអនុគណស្រុកពញាឭ ខេត្តកណ្តាល មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គជបអ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដើម្បីពិភាក្សាអំពីភារកិច្ច ត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា នាពេលខាងមុខ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានថ្លែងអំណរព្រះគុណ អរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំ ទាំងអស់ ដែលបាននិមន្ត អញ្ជើញចូលរួមប្រជុំ តាមការនិមន្ត អញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានទូលប្រគេន និងជម្រាបជូនអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជា ឆ្នាំនេះ ឱ្យដំណើរការនឹងប្រព្រឹត្តទៅស្រប តាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើនថ្កាននៃយើង។ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពិសេសទៅទៀតប្រទេសជាតិបន្តរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌ ស្ថេរភាព នយោបាយនិងសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ហើយប្រជាជនទូទាំងប្រទេសអាចប្រារព្ធរៀបចំឡើងនូវពិធីបុណ្យជាតិ បុណ្យសាសនាផ្សេងៗយ៉ាងទៀងទាត់ ។ ឯកឧត្តម បានជម្រាបដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ត្រូវយកចិត្តទុក្ខដាក់រៀបចំទីតាំងប្រារព្ធពិធី និងបានណែនាំដល់ក្រុមការងារទាំងអស់ រៀបចំសមាសភាព សម្រាប់ក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជុំវិញខេត្តចូលលរួមឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំពិធី និងត្រូវមានអ្នកទទួលខុសត្រូវតាមផ្នែកនីមួយៗ ព្រមទាំងបានណែនាំដល់ក្រុមការងារឲ្យរៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំបដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ ដើមឈើនានានៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀតអំពីពុទ្ធឱវាទទូន្មានល្អៗ របស់ព្រះពុទ្ធ ។ ក្រោយពីបានផ្លាស់ប្តូរយោបល់គ្នាពីភារកិច្ចចំពោះមុខ និងវិធានការផ្សេងៗ ដែលត្រូវបំពេញក្នុងពិធីបុណ្យ ខាងលើមក អង្គប្រជុំបានឯកភាព កំណត់កាលបរិច្ឆេទ និងទីតាំងសម្រាប់ប្រារព្ធពិធី ព្រមទាំងបែងចែកភារកិច្ចថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃស្តីទី សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានបញ្ជាក់ថា ÷ កាលបរិច្ឆេទ និងទីតាំងប្រារព្ធពិធីបុណ្យវិសាខបូជា ត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត។ សូមបញ្ជាក់ជូនថា ពិធីបុណ្យវិសាខបូជា‌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃអភិលក្ខិត‌សម័យទាំងបី មានថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

Royal Group