ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំព្រះមន្រ្តីសង្ឃ និងមន្រ្តីពាក់ព័ន្ធ ពិនិត្យនិងសិក្សាស្វែងយល់ទីតាំងដីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្សស្ថិតនៅខេត្តសៀមរាប

នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួង គណៈសង្ឃនាយក តំណាងដោយសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត រដ្ឋបាលខេត្តសៀមរាប តំណាងដោយ
លោក ងូវ សេងកាក់ គណៈអភិបាលរងខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញនិងនិមន្ត ពិនិត្យនិងសិក្សាស្វែងយល់ទីតាំងដីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិជ្រាវ និងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ស្របតាមលិខិត ៩៤៩សជណ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដែលបានសម្រេចថ្វាយដីទំហំ ២៨៨.៦០៣ ហិកតា ជាដីសហគមន៍កសិករប្រើប្រាស់ទឹកអាងទំនប់ទឹកជ្រាវ និងតំបន់ជុំវិញ ជូនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍវត្តអារាម មន្ទីរពេទ្យ បណ្ណាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត និងសួនច្បារជាដើម សម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ និងជាទីកន្លែងសម្រាប់ទាក់ទាញទេសចរណ៍ ព្រះពុទ្ធសាសនាស្របតាមព្រះរាជបំណងរបស់សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា កាលសម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ទ្រង់គង់ព្រះជន្មនៅឡើយ។