ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បាន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់រាជធានី-ខេត្ត

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បាន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់រាជធានី-ខេត្ត។

កិច្ចប្រជុំបានធ្វើឡើងនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសផ្នែកកម្មវិធី និងផ្នែករដ្ឋបាល ថវិកា មកពីរាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធនិម្មិត (៩៧ គណនី)។

កិច្ចប្រជុំនេះមានគោលបំណងដូចខាងក្រោម៖

ទី១៖ ជំរុញការរៀបចំផែនការសកម្មភាពថវិកាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ឱ្យស្របនឹងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់រាជធានី-ខេត្តទី២៖ លើកសំណើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលាទី៣៖ សម្របសម្រួលរវាងផ្នែកកម្មវិធីអេដស៍ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ន ដើម្បីអាចនូវអនុវត្តសកម្មភាព និងថវិកា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍របស់ សម្រាប់រាជធានី-ខេត្តទី៤៖ អនុវត្តផែនការសកម្មភាពឆ្លើយតបនឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់រាជធានី ខេត្ត។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើបទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត។ ក្នុងនោះ ឯកឧត្តមក៏បានបង្ហាញដោយសង្ខេបពីគោលនយោបាយជាតិ ដែលមានគោលបំណង ទី១៖ សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ, ទី២៖ សម្រេចទប់ស្កាត់ការស្លាប់ ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ និងទី៣៖ បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន៥៨ សម្រាប់អនុវត្ត។

 

ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានបង្ហាញនូវធាតុចូលនៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ពីភាគីពាក់ព័ន្ធ និងចំណុចនានាដូចជា សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ និងផែនទីបង្ហាញផ្លូវ ទាក់ទងនឹងការបង្ការ របស់ UNAIDS និងរបស់គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍ ២០២៣-២០២៨។ ឯកឧត្តមក៏បានបញ្ជាក់ការធ្វើសុខដុមនីយកម្ម នៃផែនទីបង្ហាញផ្លូវ នៃផែនការយុទ្ធសាស្រ្តជាតិលើកទី៦ ផែនការសកម្មភាពថវិកាជាតិ និងចីរភាពការឆ្លើយតបនឹងមេរោគអេដស៍ ការធ្វើផែនការជាតិ និងយុទ្ធសាស្រ្តជាតិ ទាក់ទងនឹងផ្នែកបង្ការ និងបង្កើតនូវផែនការ និងអន្តរាគមន៍ ដើម្បីឈានទៅសម្រេចបាននៃការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងធាតុចូលសំខាន់ៗ នៃកិច្ចប្រជុំស្តីពីការបង្ការ ពីភាគីពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសរំលេច និងផ្ដល់នូវអនុសាសន៍សំខាន់ៗថា ការងារឆ្លើយតបនឹងមេរោគអេដស៍ត្រូវធ្វើជាបន្ទាន់ ព្រោះពេលវេលាកាន់ខិតជិតមកដល់។ ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។ ជាមួយគ្នានេះ ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃសម្រាប់រាជធានី ខេត្ត ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការ ដល់បុគ្កលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងភារកិច្ចរបស់សម្រាប់រាជធានី ខេត្ត ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមការអនុវត្តជាក់ស្តែងរបស់រាជធានី ខេត្ត និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ត្រូវអនុវត្តផែនការសកម្មភាពថវិកាឆ្លើយតបនឹងមេរោគអេដស៍ដែលមានក្នុងឆ្នាំ២០២៤ ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការសកម្មភាពថវិកា ឆ្លើយតបនឹងមេរោគអេដស៍សម្រាប់ឆ្នាំ២០២៥។ ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព ត្រូវបង្កើននូវការផ្តល់នូវសេវាប្រកបដោយមេត្រីភាពដល់អ្នកផ្ទុកមេរោគអេដស៍ ក៏ដូចជាក្រុមប្រជាជនគន្លឹះដែលមកទទួលសេវា។ សូមជួយពិនិត្យឡើងវិញ នូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍។ សម្រាប់រាជធានី ខេត្ត ត្រូវធ្វើផែនការសកម្មភាពថវិកា ឱ្យបានទាន់ពេលវេលា។ ការចំណាយ បត់បែនទៅតាមស្ថានភាពដែលអាចទទួលយកបាន។ គណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ត្រូវបញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងក្រុមយុវវ័យ ដើម្បីជួយសម្របសម្រួល និងផ្តល់ធាតុចូល៕