ស្ថានភាពសុខភាពពលរដ្ឋទាំង ១១នាក់ នៅស្រុកសំបូរ ដែលសង្ស័យពុលនំបញ្ចុក ពេលនេះមានលក្ខណៈល្អប្រសើរឡើងវិញ ខណៈមូលហេតុពិតប្រាកដ មិនទាន់ដឹងច្បាស់នៅឡើយ

ប្រជាពលរដ្ឋចំនួន ១១នាក់ ក្នុងមានស្រី៥ រស់នៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានអាការក្អួតចង្អោរ រាករួស ធ្វើឱ្យអស់កម្លាំង សង្ស័យពុលចំណី (នំបញ្ចុក) ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសំបូរ នៅវេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៤។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានឲ្យដឹងនៅព្រឹកនេះ ថាអាការពួកគាត់បានប្រសើរឡើងវិញហើយ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំ លទ្ធផលធ្វើតេសពីសំណាក់ក្រុមគ្រូពេទ្យជំនាញសិន។

លោក វេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការក្អួតចង្អោរ និងរាក ក៏អាចរួមសមនឹងអាកាសធាតុក្តៅខ្លាំង ដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថា មកពីករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ រង់ចាំលទ្ធផលសិន តែទោះជាយ៉ាងណាឥឡូវនេះ ពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។

ដោយឡែកប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ ពួកគាត់បានទិញនំបញ្ចុក ដែលលក់នៅតាមភូមិយកទៅទទួលទាន កាលពីថ្ងៃម្សិលមិញ ហើយក្រោយទទួលទាននំបញ្ចុកនោះប៉ុន្មានម៉ោង ក៏ស្រាប់តែមានអាការក្អួតចង្អោរ រាក អស់កម្លាំង។

ក្នុងហេតុការណ៍នោះ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានបញ្ជូនមកសម្រាក នៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ខាងលើមានឈ្មោះ
ទី១. រី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ
ទី២. កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ
ទី៣. អ៊ុ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ
ទី៤. រី សុខី ភេទស្រី អាយុ៧ឆ្នាំ
ទី៥. ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ
ទី៦. ឈឿន ស្រីយុទ្ធ ភេស្រី អាយុ១១ឆ្នាំ
ទី៧. ឈឿន ឆាលី ភេទប្រុស អាយុ១៤ឆ្នាំ
ទី៨. ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ
និងទី៩. សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ
១០. ថាច ឆៃ ភេទប្រុស១៦ឆ្នាំ
១១. រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ៕

ដោយ៖ រី ដានីន