អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធប្រមាណ ៣០០នាក់ បានមកជួបពិភាក្សាគ្នាដើម្បីផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ នៅកម្ពុជា,

កិច្ចពិភាក្សានេះបានធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នាប្រជុំសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អង្គសិក្ខាសាលាដែលធ្វើឡើងពេញ១ព្រឹកនេះ មានការអញ្ជើញចូលរួមពី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងព័ត៌មាន។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់រវាង ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មាន លើវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈាន ឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍គួួសថា បច្ចុប្បន្ននេះ ក្រមសីលធម៍ វិជ្ជាជីវៈសារព័ត៌មាន ហាក់បីដូចជាស្ថិតក្នុងភាពស្រពេចស្រពិល ( ដែលមិនជាក់លាក់) ពោលគឺនៅមិនទាន់មានចំណុចរួមមួយថាត្រូវអនុវត្តន៍អោយត្រឹមត្រូវឈរលើគោលការណ៍រួមយ៉ាងដូចម្តេច បែបណា។
តើអ្នកសារព័ត៌មានគួរមានក្រមសីលធម៌យ៉ាងដូចម្តេចខ្លះដើម្បីទទួលបាននូវការគោរព និងផ្តល់តម្លៃ?
តើអ្នកសារព័ត៌មានគួរមានការការពារបែបណាខ្លះ?
ទាំងនេះហើយគឺជាកម្មវត្ថុមួយ ដែលនាំឱ្យក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ដើម្បីទទួលបាននូវគោលការណ៍រួមមួយសម្រាប់អនុវត្តន៍ទាំងអស់គ្នា ដើម្បីអោយតំលៃវិជ្ជាជីវៈសារព័ត៌មានត្រូវបានគោរព ៕