ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា នៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាព និងវិបុលភាពរួម រវាងកម្ពុជានិងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ ឯកឧត្តម សួស យ៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបានផ្តល់នូវធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងស្ថានភាពទូទៅនៃធនធានទឹកនៅកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការអភិវឌ្ឍទីក្រុង និងបច្ចេកវិទ្យាផ្កាយរណបសម្រាប់ការគ្រប់គ្រងទឹក សំដៅចូលរួមអភិវឌ្ឍវិស័យទឹកប្រកបដោយនិរន្តរភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ ដោយស្មោះចំពោះការរៀបចំនូវ «ឯកសារផ្តល់យោបល់ក្រុងភ្នំពេញ ស្តីពីទឹក» ដែលបានបញ្ចូលនូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាទឹក ក៏ដូចជាអភិវឌ្ឍវិស័យទឹក ប្រកបដោយចីរភាពនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំង តាមរយៈវឌ្ឍនភាពនៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ទីប្រជុំជន និងជនបទ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥។ ទន្ទឹមនឹងនេះ ឯកឧត្តម សួស យ៉ារ៉ា ក៏សង្ឃឹមផងដែរថាលទ្ធផល នៃសិក្ខាសាលា នាថ្ងៃនេះ នឹងក្លាយជាធាតុ ចូលសម្រាប់កិច្ចប្រជុំនៃ AAWC នៅក្នុងឱកាសនៃវេទិកាទឹក ពិភពលោកលើកទី១០ នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភា ឆ្នាំ២០២៤ និងក្នុងឱកាសនៃសប្តាហ៍ទឹកពិភពលោក លើកទី៣ នៅប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹង កិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹក ប្រកបដោយសន្តិវិធី តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ ដោយធ្វើការចែករំលែកលើវិស័យច្បាប់ និងសកម្មភាពនីតិប្បញ្ញត្តិនានាទាក់ទងនឹងវិស័យទឹកនៅអាស៊ី សំដៅធានាឱ្យបាននូវសុខុមាលភាពទឹក ការគ្រប់គ្រងទឹក ប្រកបដោយចីរភាព និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការសភា និងសភាក្នុងកិច្ចការនីតិកម្មលើវិស័យទឹក។

គួរបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នអន្តរជាតិ ក្រុមប្រឹក្សាទឹកអាស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ក្នុងគោលបំណងផ្តល់នូវដំណោះស្រាយជាក់ស្តែងដើម្បីដោះស្រាយបញ្ហាទឹកនៅអាស៊ី ក៏ដូចជាគាំទ្រគម្រោងអភិវឌ្ឍន៍នានាពាក់ព័ន្ធនឹងវិស័យទឹកស្អាត ឈានទៅសម្រេច បាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ក្នុងគោលបំណងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាទឹក នៅទូទាំងតំបន់អាស៊ី បណ្តា សភា នៃប្រទេស នៅក្នុងតំបន់ ក៏បានរួមគ្នាបង្កើតក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដែលបច្ចុប្បន្ន មានសមាជិក មកពីសភា ចំនួន ១០ប្រទេស រួមមាន ៖ សាធារណរដ្ឋកូរ៉េ កម្ពុជា ប៉ាគីស្ថាន នេប៉ាល់ កៀហ្សីស៊ីស្ថាន កាហ្សាស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ និងហ្វីលីពីន ក្នុងនោះ រដ្ឋសភាកម្ពុជា គឺជាអនុប្រធាននៃក្រុមប្រឹក្សាទឹកអាស៊ី