ឯកឧត្តម​ គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយក នៃអគ្គនាយកដ្ឋានគយរដ្ឋាករកម្ពុជា អញ្ជើញចូលរួមសន្និសីទអគ្គនាយកគយអាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក លើកទី 25 នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក លើកទី ២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ ប្រទេស, អគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យទំនាក់ទំនងបណ្ដាញព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក (RILO/AP) និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន ៤ ប្រទេស ។
ក្នុងមតិចាប់ផ្តើមសនិ្នសីទ ឯកឧត្តម Michael Outram អគ្គនាយកនៃកងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (Australia Border Force – ABF) និងជាអនុប្រធានអង្គការគយពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានសម្តែងមតិស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយ នៃប្រទេសជាសមាជិកក្នុងតំបន់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការគ្នា អនុវត្តដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Regional Strategic Plan – RSP) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការការពារសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក (WCO) និងដៃគូអភិវឌ្ឍនានាដែលតែងតែគាំទ្រដល់រដ្ឋបាលគយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
អង្គសន្និសីទបានដំណើរការយ៉ាងផុលផុសក្រោមរបៀបវារៈមួយចំនួនរួមមាន៖ ១. របាយការណ៍ស្តីពី គំនិតផ្តួចផ្តើម និងគោលនយោបាយកែទម្រង់របស់ WCO, ២. អនុម័តផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិកRSP ឆ្នាំ២០២៤-២០២៦, ៣. របាយការណ៍នៃការអនុវត្តផែនការសកម្មភាពកសាងសមត្ថភាពប្រចាំតំបន់របស់ (ROCB/AP) និងការងាររបស់ RILO/AP ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់, ៣. របាយការណ៍ស្តីពីការអនុវត្តគម្រោងអន្តរតំបន់ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អាមេរិក និងការីប៊ីន) លើសមភាពយេនឌ័រ និងគម្រោងតំបន់ស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក, ៤. អនុម័តលើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre – RTC AP និងគាំទ្ររដ្ឋបាលគយឥណ្ឌា លើសំណើបន្ថែមហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់, ៥. ពិភាក្សានិងកត់សំគាល់លើរបាយការណ៍ស្តីពីកំណែទម្រង់និងទំនើបកម្មរចនាសម្ព័ន្ធអង្គការគយពិភពលោក, ៦. គាំទ្រក្របខណ្ឌគោលការណ៍នៃការកែលំអសមត្ថភាពសុនខ និងការបង្កើតមជ្ឈមណ្ឌលសុនខនៃអង្គការគយពិភពលោក, ៧. គាំទ្របេក្ខភាពតំណាងរដ្ឋបាលគយពីតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅក្នុងគណៈកម្មាធិការនានា នៃអង្គការគយពិភពលោក, និង ៨. បញ្ហាផ្សេងៗ ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍លើរបៀបវារៈមួយចំនួន និងបានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំ ដែលបានថ្លែងមតិគាំទ្រយ៉ាងផុលផុសលើសំណើរបស់រដ្ឋបាលគយកម្ពុជាក្នុងការដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ឆ្លៀតក្នុងឱកាសនៃសនិ្នសីទនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃ រដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា លើការជួយគ្នាទៅ មកលើការងារគយ ដោយផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ។
គួរបញ្ជាក់ផងដែរថា តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋបាលគយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការគយពិភពលោក (បច្ចុប្បន្នមានសមាជិក ៣៥ ប្រទេស) មានរយៈពេល ២ ឆ្នាំ ហើយកិច្ចប្រជុំលើកនេះ ជាកិច្ចប្រជុំលើកចុងក្រោយដែលដឹកនាំដោយអគ្គនាយកអង្គភាពកម្លាំងព្រំដែនអូស្រ្តាលី  (ABF) ហើយរដ្ឋបាលគយហុងកុងនឹង ទទួលបន្តវេនជាប្រធានចាប់ពីខែកក្កដា ឆ្នាំ២០២៤ សម្រាប់រយៈពេល ២ឆ្នាំបន្ទាប់ ។