ភ្ញៀវទេសចរលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពតរយៈពេលចុងក្រោយនេះ បានធ្វើឱ្យភ្ញៀវច្រើនលើសលប់មកលេងកំពតសង្ក្រាន្ត

ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត និងកំពតសង្ក្រាន្តបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរៀបចំ និងការអភិវឌ្ឍរបស់អាជ្ញាធរខេត្ត ដែលអាចទាក់ទាញទេសចរជាង ១លាននាក់មកដើរលេងកម្សាន្តពេលចូលឆ្នាំថ្មីនេះ។ ភ្ញៀវទេសចរទាំងនោះបានកោតសរសើរដល់អាជ្ញាធរខេត្ត ពិសេសថ្នាក់ដឹកនាំខេត្ត គឺឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានរៀបចំទីកន្លែងកម្សាន្តក្នុងក្រុងដែលមានភាពទាក់ទាញ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត ពិសេសការរៀបចំព្រឹត្តិការណ៍ កំពតសង្ក្រាន្ត ដែលបានបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរដែលមកពីបណ្តាខេត្តនានាទូទាំងប្រទេស។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា រយ:ពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលខេត្តកំពតរៀបចំព្រឹត្តការណ៍ កំពតសង្ក្រាន្ត ដែរនោះ ខេត្តមានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១.៣៩៦.៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ៣.១២២នាក់។ លោកប្រធានមន្ទីរបានបន្តថា ចំពោះគោលដៅទេសចរណ៍ទាក់ទាញជាងគេ គឺរូបសំណាកសេះសមុទ្របាញ់ទឹក ហើយទេសចរជាតិ និងអន្តរជាតិភាគច្រើនបានចូលមកថតរូបអនុស្សាវរីយ៍។ ទន្ទឹមនឹងនោះ ក៏មានតំបន់ត្រជាក់នៅរង្វង់មូលទុរេនខេត្តកំពត និងទីតាំងអភិវឌ្ឍន៍ថ្មីជាច្រើនទៀត ដូចជាសួនច្បារកែលម្អថ្មី ឆ្នេរខ្សាច់កម្សាន្តមាត់ព្រែកថ្មីទាំង ៣កន្លែងជាដើម ខណៈដែលតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត មានការរៀបចំយ៉ាងទាក់ទាញផងដែរនោះ។ លោកបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមកលេង កំពតសង្ក្រាន្ត បានបញ្ជាក់អំពីភាពវិជ្ជមានរបស់កម្ពុជា ទាំងលើកការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច ពិសេសជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

ជាមួយគ្នានេះដែរ ចំពោះការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរ និងពលរដ្ឋដែលមកលេងកម្សាន្តក្នុងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចប្រមាណជិត ១ពាន់នាក់ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ពិសេសការសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ។ លោកឧត្តមសេនីយ័ទោស្នងការនគរបាលបានបន្តថា សម្រាប់រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ស្ថានភាពទូទៅក្នុងខេត្តគឺមានសភាពល្អប្រសើពុំមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើងនោះទេសម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ម្យ៉ងទៀត ចំពោះការបើកបររបស់បងប្អូនប្រជាពលរដ្ឋគឺមានការគោរពច្បាប់ចរាចរណ៍ និងមានការអធ្យាស្រ័យគ្នាក្នុងការបើកបរ ដែលការចូលរួមនេះបានធ្វើឱ្យការធ្វើដំណើរពុំមានការកកស្ទះចរាចរណ៍រយៈពេលយូរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត