ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា​ ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ក្នុងនាមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានមានប្រសាសន៍ថា «សិក្ខាសាលា ស្តីពីវិស័យទឹក​នៅកម្ពុជា» ក្រោម​​ប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹក​ថ្នាក់ជាតិ សម្រាប់​និរន្តរភាព​​​និង​វិបុលភាព​រួម​ រវាងកម្ពុជានិងក្រុមប្រឹក្សា​ទឹកអាស៊ី​ ក្នុង​​បរិបទ​នៃវិបត្តិអាកាសធាតុ» ​ ដែល​ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (Asian Vision Institute-AVI) បានផ្តួចផ្តើម និងសហការ​រៀបចំ​នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួល​អាកាសធាតុ​ គឺជាបញ្ហាប្រឈម​សកល ដែលបង្កឡើង​​ដោយកត្តាសំខាន់ៗដូចជា ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះ​ប្រេងឥន្ធនៈ ការកើនឡើង​នៃចំនួនប្រជាជនពិភពលោក​ និង​​ការរេច​រឹល​​​​នៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិអាកាសធាតុ​ បានក្លាយជាប្រធានបទសកល​ ដែលទាមទារ​ឱ្យមានការ​ចូលរួម ដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័​ន្ធទាំងអស់ ទាំងប្រទេសតូច ទាំង​ប្រទេស​ធំ ទាំ​ងកម្រិតរដ្ឋាភិបាល វិស័យឯកជន និង​អង្គការសង្គមស៊ីវិល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ អនុប្រធានទី១​ រដ្ឋសភា បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផល​ប៉ះពាល់ដោយផ្ទាល់ពី​ការប្រែប្រួលអាកាសធាតុ ស្របពេលដែល​ចំនួនប្រជាជន​​និងទីក្រុង​បានកើនឡើង​ជាបន្តបន្ទាប់ ហើយបញ្ហាទឹក​ក៏បានក្លាយជាបញ្ហា​ប្រឈមភ្ជាប់ទៅនឹង​ការរីកចម្រើន​នៃទីក្រុង​​ដែលទាមទារ​ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បី​​ឆ្លើយ​តប​​ទៅនឹង​តម្រូវ​ការរបស់ប្រជាជនទាំងនៅ​ទីប្រជុំជននិងជនបទ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​កម្ពុជាតាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូល​នៃសន្តិភាព​ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំ​អភិវឌ្ឍកម្ពុជា​ប្រកបដោយចក្ខុវិស័យ​វែងឆ្ងាយ​ និង​ច្បាស់លាស់​ ដោយបានបន្តកំណត់យកវិស័យ​ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោម​​​អាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះ នឹង​ក្លាយជាវេទិកាពិភាក្សា​ ផ្លាស់ប្តូរយោបល់ និង​បទពិសោធន៍ អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យនៃវិស័យ​ទឹក​នៅកម្ពុជា ហើយក៏នឹងឈ្វេងយល់បន្ថែម​អំពីបញ្ហាប្រឈម​និងកាលានុវត្តភាព ដើម្បីជំរុញការ​អនុវត្តគម្រោង​ពាក់ព័ន្ធនឹងវិស័យទឹកទៅ​តាមស្ថានភាពតម្រូវការ​ជាក់ស្តែង។​ ទន្ទឹមនឹងនេះ​អង្គសិក្ខាសាលា​អាចពិចារណា​ដាក់ចេញ អនុសាសន៍ ឬបង្កើត​ផែនទីចង្អុល​ផ្លូវ​ (roadmap) មួយ សម្រាប់​ការអភិវឌ្ឍ វិស័យទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានេះ។​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹង​បន្តសម្របសម្រួលពង្រឹង​កិច្ចសហ​ប្រតិបត្តិការក្នុងស្មារតី​​នៃវិបុលភាព​ និងការប្រើប្រាស់​ទឹកប្រកបដោយ​សន្តិវិធី ដើម្បី​បង្កើន​តម្លៃនៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ​និងភាពជាដៃគូ​អន្តរជាតិ សំដៅបង្កើត​​សុខុមាលភាព​​ទឹក​ ការគ្រប់​គ្រង​ទឹកប្រកបដោយចីរភាព សកម្មភាពទឹកទាក់ទងនឹង​អាកាសធាតុនៅប្រទេសកម្ពុជា និងតំបន់​អាស៊ី តាមយន្តការនៃកិច្ចសហប្រតិបត្តិការសភានិងសភា។

សូមជម្រាបថា អង្គសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា​ ដែលបានរៀបចំឡើងនាឱកាសនេះ មានការអញ្ជើញចូលរួមពីតំណាងមកពី​រដ្ឋសភា ក្រសួង​រៀបចំ​ដែនដី នគរូបនីកម្ម​ និងសំណង់ ក្រសួង​​ធនធានទឹក​និង​ឧតុនិយម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​សាធារណការ​និងដឹកជញ្ជូន ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ រដ្ឋាករ​ទឹកស្វយ័តក្រុង​ភ្នំពេញ រដ្ឋបាលរាជធានី-ខេត្ត និង​វិទ្យាស្ថាន​ចក្ខុវិស័យអាស៊ី ក្រុមប្រឹក្សា​ទឹកអាស៊ី, សាជីវកម្ម​ធនធានទឹកកូរ៉េ (K-water), ស្ថានទូត​កូរ៉េប្រចាំ​​កម្ពុជា, អង្គការ KOICA, និងធនាគារ KEXIM៕