អ្នកឧកញ៉ា ទៀ វិចិត្រ រៀបចំអាហារសាមគ្គីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់បុគ្គលិកក្រុមហ៊ុន G.T.V.C Speedboat Cambodia ចំនួន ១៥០ នាក់ ក្រោយចូលឆ្នាំខ្មែរ

កាលពីយប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ខេមបូឌា បានរៀបចំអាហារសាមគ្គីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់បុគ្គលិកក្រុមហ៊ុនសរុបចំនួន ១៥០ នាក់។

កម្មវិធីអាហារសាមគ្គីនេះ មានការចូលរួមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម លោកជំទាវ ឧកញ៉ា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះសីហនុ និងបុគ្គលិកក្រុមហ៊ុនអូប័ររបស់ អ្នកឧកញ៉ា រួមទាំងក្រុមគ្រួសាររបស់បុគ្គលិកទាំងអស់ផងដែរ។ ការរៀបចំកម្មវិធីអាហារសាមគ្គីនេះក៏មានដន្ត្រីរាំលេងកម្សាន្ត និងមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជា ល្បែងវាយក្អម ល្បែងដណ្តើមស្លឹកឈើ និងល្បែងរាំដណ្តើមកៅអី។

បើតាមគោលបំណងរបស់ អ្នកឧកញ៉ា ការរៀបចំកម្មវិធីអាហារសាមគ្គីនេះគឺដើម្បីចូលរួមក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងជាឱកាសក្នុងការជួបជុំរវាងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកគ្រប់រូបផង។ «ការរៀបចំកម្មវិធីនេះក៏ជាការលើកទឹកចិត្តដល់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអូប័រល្បឿនលឿនរបស់យើង ដែលយើងទាំងអស់គ្នាបាននិងកំពុងចូលរួមជួយផ្សព្វផ្សាយពីធនធានធម្មជាតិសមុទ្ររបស់យើងដែលជាភាពទាក់ទាញទេសចរណ៍តំបន់សមុទ្ររបស់កម្ពុជា យើងចូលរួមបង្ហាញពីភាពរីកចម្រើនក្នុងសម័យសន្តិភាព និងចូលរួមលើកកម្ពស់គោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ»។

គួររំលឹកផងដែរថា នៅក្នុងលម្ហសមុទ្រកម្ពុជា ពិសេសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ អ្នកឧកញ៉ា ទៀ វិចិត្រ មិនត្រឹមតែត្រូវបានគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតបូត ខេមបូឌាប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានប្រជាពលរដ្ឋទូទាំងខេត្តទទួលស្គាល់ថាជាអ្នកឧកញ៉ាចិត្តធម៌តាមរយៈសកម្មភាពមនុស្សធម៌របស់អ្នកឧកញ៉ា និងក្រុមគ្រួសាររបស់គាត់។ សកម្មភាពមនុស្សធម៌ដែលលេចធ្លោនៅក្នុងខេត្តព្រះសីហនុ រួមមានការបញ្ជូនអូប័រពេទ្យទៅជួយសង្គ្រោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីបណ្តាកោះនានា និងក្នុងលម្ហសមុទ្រដើម្បីបញ្ជូនមកកាន់ដីគោក។ ក្រៅពីនេះគេឃើញមានសកម្មភាពបញ្ជូនឡានទឹកដើម្បីចូលរួមពន្លត់អគិសភ័យ ហើយថ្មីៗនេះក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏គេឃើញមានឡានទឹកក្រុមហ៊ុនរបស់អ្នកឧកញ៉ាចូលរួមជួយបាញ់ទឹកលេងកម្សាន្តផងដែរ។

ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូត ខេមបូឌា បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លើផ្ទៃដីប្រមាណ ២២ ០០០ ម៉ែត្រការេ ដែលអាចអនុញ្ញាតឱ្យអូប័រទេសចរណ៍តូចធំចេញចូលម្តង២០គ្រឿងក្នុងពេលតែមួយ ហើយសព្វថ្ងៃនេះ មានក្រុមហ៊ុនអូបរ័ចំនួន២១ជាសមាជិករបស់សមាគមន៍ភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ៕