ជម្រើសជាតិចំបាប់កម្ពុជា ២រូប ហ្វឹកហាត់ត្រៀមជម្រុះអូឡាំពិកហ្គេម នៅប្រទេស កៀហ្ស៊ីស៊ីស្ថាន

ជម្រើសជាតិចំបាប់កម្ពុជា២រូប កំពុងហ្វឹកហាត់ ត្រៀមការប្រកួត ជម្រុះអូឡាំពិកហ្គេមនៅឯប្រទេស កៀហ្ស៊ីស៊ីស្ថាន ជម្រើសជាតិកីឡាចំបាប់ ២រូបរបស់កម្ពុជា គឺកីឡាករ ហេង វុទ្ធីនិងកីឡាការិនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ចូវ សុធារ៉ា កំពុងបន្តធ្វើការហ្វឹកហាត់យ៉ាងសកម្ម ត្រៀមប្រកួត វគ្គជម្រុះអូឡាំពិកហ្គេម ប្រទេសបារាំង ក្នុងឆ្នាំនេះ ដែលធ្វើឡើងនៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

នេះជាវគ្គជម្រុះអូឡាំពិកហ្គេម ប្រចាំទ្វីបអាស៊ី នៅក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន ដែលជម្រើសជាតិចំបាប់កម្ពុជា២រូបនេះ ក៏ទើបតែបាន ការចូលរួមប្រកួតកីឡា ចំបាប់ជើងឯក អាស៊ីកាលពីពេលថ្មីៗនេះ ប៉ុន្តែពួកគេ មិនទទួលបានលទ្ធផលល្អទេ សម្រាប់វគ្គជម្រុះអូឡាំពិកហ្គេមគឺកីឡាករ ហេង វុទ្ធី នឹងត្រូវប្រកួត ទម្ងន់ ៨៦គីឡូក្រាម ខណៈកីឡាការិនី ឌិត សំណាង ប្រកួតលើកទម្ងន់ ទម្ងន់ ៥០គីឡូក្រាម ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា និងជា ប្រធានសហព័ន្ធកីឡាចំបាប់ អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការបញ្ជូនអត្តពលិក ប្រកួតអន្តរជាតិនេះ គឺជាការបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់សហព័ន្ធកីឡាចំបាប់កម្ពុជា និងជាការផ្តល់ឱកាស ដល់ជម្រើសជាតិកម្ពុជា បានធ្វើការហ្វឹកហាត់ និងប្រកួតប្រជែងអន្តរជាតិ ទៅក្នុងគោលដៅជួយលើកកម្ពស់បន្ថែម ដល់ក្រុមជម្រើសជាតិ បានពង្រឹងជំនាញ និងការអភិវឌ្ឍ និងឈានទៅរកគុណភាព ។

លោក ខេស៊ី បាណេត គូសបញ្ជាក់បន្ថែមថា ៖«ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរីកចម្រើន នៃប្រភេទកីឡាចំបាប់កម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡការិនី យើងបានសិក្សា ពីប្រទេសផ្សេងទៀត អភិវឌ្ឍស្មារតីប្រកួតប្រជែង របស់ពួកគេ និងលើកទឹកចិត្ត ដល់អ្នកចំបាប់ជំនាន់ក្រោយៗឱ្យខិតខំដូចកីឡាករ កីឡការិនីទាំង២រូបនេះ ក្នុងការចូលរួម ការប្រកួតអន្តរជាតិ ដូចពួកគេដែរ។ ហើយលោក មានទំនុកចិត្តថា ការធ្វើដំណើរនេះ នឹងក្លាយជាបទពិសោធន៍សិក្សា ដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ»៕