ប្រតិភូ មេគង្គ-ឡានឆាង បានទស្សនាប្រាសាទ និងទំនៀមទម្លាប់ បុណ្យប្រពៃណីខ្មែរ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី ២០២៤

ប្រតិភូ មេគង្គ-ឡានឆាង បានទស្សនាប្រាសាទ និងទំនៀមទម្លាប់ បុណ្យប្រពៃណីខ្មែរ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី ២០២៤

ប្រតិភូសារព័ត៌មាន មេគង្គ-ឡានឆាង កម្ពុជា ចិន ថៃ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានអញ្ញើញមកចូលរួមក្នុងកម្មវិធី ទស្សនៈកិច្ច សង្រ្កាន្ត-សៀមរាប បានទៅទស្សនា ប្រាសាទ ទំនៀមទម្លាប់ប្រពៃណី និងល្បែងប្រជាប្រិយ៍ខ្មែរ នៅខេត្តសៀមរាប ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី ២០២៤។

ប្រតិភូសារព័ត៌មាន មេគង្គ-ឡានឆាង ចិន ថៃ មីយ៉ាន់ម៉ា និងវៀតណាម បន្ទាប់ពីអញ្ញើញដល់ខេត្តសៀមរាប ប្រទេសកម្ពុជា និងស្នាក់នៅអស់រយៈពេល៦ថ្ងៃ ប្រតិភូសារព័ត៌មាន បានអញ្ញើញទៅទស្សនាប្រាសាទខ្មែរ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ស្វែងយល់ពី ប្រវត្តិស្រាស្ត កេរ្តិ៍ដំណែលខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យមុន ផ្តិតយកទិដ្ឋភាពប្រាសាទដ៏លេចធ្លោ ដើម្បីផ្សព្វផ្សាយពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។

ឆ្លៀតក្នុងឱកាស ដំណើរទស្សនៈកិច្ចរបស់ប្រតិភូ ស្របពេលនឹងឱកាសចូលឆ្នាំថ្មី បុណ្យប្រពៃណីខ្មែរ ប្រតិភូ បានអញ្ញើញ ប្រគេនទេយ្យទាន ទេយ្យវត្ថុ ជូនសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ព្រះចៅអធិការវត្ត វត្តរាជបូណ៌ និងស្វែងយល់បន្ថែមពីទំនៀមទម្លាប់ខ្មែរ ក្នុងការពូនភ្នំខ្សាច់ ការឧទ្ទិសកុសលផលបុណ្យដល់សាច់ញាត្តិដែលបានចែកឋាន ការរាប់បាត ប្រគេនចង្ហាន់ ស្រង់ព្រះ ក៏ដូចជានិយមន័យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។

លើសពីនេះ ប្រតិភូបានអញ្ញើញទស្សនា របៀបបង្កើតខ្លែងឯក ការលេងល្បែងប្រជាប្រិយ៍ខ្មែរ ការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ល្បែងកម្សាន្តផ្សេងៗ ដែលបងប្អូនខ្មែរ និងភ្ញៀវអន្តរជាតិ ចូលរួមលេងយ៉ាងច្រើនកុះករ។

ដំណើរទស្សនៈកិច្ច របស់ប្រតិភូសារព័ត៌មាន សង្រ្កាន្ត-សៀមរាប មេគង្គ-ឡានឆាង បានឆ្លុះបញ្ចាំងពី ការពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ប្រទេសជាប់ទន្លេមេគង្គ មានភាពល្អប្រសើរ និងការផ្សព្វផ្សាយពីវប្បធម៍ កេរ្តិ៍ដំណែលប្រវត្តស្រាស្ត ល្បែងប្រជាប្រិយ៍ ទំនៀមទម្លាប់ប្រពៃណី សង្ក្រាន្តចូលឆ្នាំខ្មែរ ទៅកាន់ប្រទេសជិតខាងឱ្យកាន់តែស្គាល់ច្បាស់ពីប្រទេសកម្ពុជា៕

 

default