ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យដោយឡែកសម្រាប់ការផ្តល់ទិដ្ឋាការពិសេសដល់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ

Toyota long bar

នាព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេស ដល់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង មន្ត្រីជំនាញ ដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។
អនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះ មានគោលបំណងទាក់ទាញ និង ជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ តាមរយៈការផ្តល់ទិដ្ឋាការពិសេស ដល់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ សម្រាប់ការទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែង ដែលមានតម្លៃលើសពីតម្លៃជាក់លាក់ណាមួយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ការរៀបចំអនុក្រឹត្យស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះ គឺជាការអនុវត្តវិធានការគន្លឹះមួយ ក្នុងចំណោមវិធានការដទៃទៀត ដូចមានចែងក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ។ អនុក្រឹត្យនេះ នឹងកំណត់គោលការណ៍, បែបបទ និង នីតិវិធីនៃការផ្តល់ទិដ្ឋាការពិសេស និង មានវិសាលភាពអនុវត្តចំពោះវិនិយោគិន ធុរជន និង ភ្ញៀវទេសចរ ជាជនបរទេស ដែលមកវិនិយោគ ធ្វើធុរកិច្ចនៅខេត្តព្រះសីហនុ និង/ឬ ស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ។ អនុក្រឹត្យនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការសម្រួលនីតិវិធី, ការបន្ថែមរយៈពេលសុពលភាពទិដ្ឋាការ និង រយៈពេលស្នាក់នៅ និង ការយកកម្រៃទិដ្ឋាការ ។
បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងផុលផុស, អង្គប្រជុំបានបានឯកភាពជាគោលការណ៍ លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះ ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំលេខាធិការដ្ឋាននៃក្រុមការងារ បន្តពិនិត្យសម្រិតសម្រាំង និង កែលម្អបន្ថែមទៀត លើសេចក្តីព្រាងអនុក្រឹត្យដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត តាមរយៈការជួបពិគ្រោះយោបល់ និង ទទួលធាតុចូលល្អៗ ពីក្រសួងស្ថាប័នពាក់ព័ន្ធ ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមផ្តល់មតិយោបល់ និង ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ ។
សូមជម្រាបជូនថា យោងកម្មវិធីពិសេស, ក្រុមការងារមានភារកិច្ចដឹកនាំ, សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ ដោយដើរតួនាទីជា “ច្រកចេញចូលតែមួយ” ដែលមានសិទ្ធិពិនិត្យ, សម្រេច និង ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច ដែលរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការក្នុងឆ្នាំ ២០២៤ និង ការពង្រីកគម្រោងដែលមានស្រាប់ ។ រាល់គម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច ដែលស្ថិតនៅក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ ត្រូវដាក់ស្នើមកក្រុមការងារនេះ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត ។
ក្នុងស្មារតីនេះ, ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕

Royal Group