កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបង្កើនភាពជាដៃគូទាំងអស់ រួមទាំងសហគ្រិន និងវិនិយោគិន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីបង្កើនមិត្តភាព ភាពជាដៃគូ កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគ្រិន និងវិនិយោគិនរបស់យើងទាំងអស់គ្នានៅក្នុងតំបន់អាស៊ាន។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងពិធីបិទវេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២ ខែមេសានេះថា វេទិកាដ៏សំខាន់មួយនេះ បានផ្តល់ឲ្យអ្នកចូលរួមទាំងអស់ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗទាក់ទងទៅនឹងការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាពអាស៊ាន, បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន ដែលបានបង្ហាញអំពីសក្ដានុពលដ៏ធំនៅក្នុងតំបន់អាស៊ាន សម្រាប់ការកសាងភាពធន់របស់សហគមន៍តែមួយ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា វេទិកានេះគឺជាជំហានដ៏សំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងរវាងរដ្ឋជាអាស៊ាន និងពង្រីកកិច្ចសហប្រតិបត្តិការ និងការធានានូវអត្ថប្រយោជន៍រួម ទាំងមានពេលបច្ចុប្បន្ននិងអនាគត ថា ទីផ្សារការងារប្រជាជនជាង ៦៧លាននាក់ ដើម្បីលើកកម្ពស់បរិយាកាសនៃការវិនិយោគនៅក្នុងតំបន់អាស៊ាន តាមរយៈការភ្ជាប់បណ្តាញឧស្សាហកម្ម និងកិច្ចព្រមព្រៀងអាស៊ាន ក្នុងការធ្វើសមារណកម្មសេដ្ឋកិច្ច ដែលជាប្រទេសធំជាងគេទី៤។ 

សូមបញ្ជាក់ថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤នេះ បានផ្តោតទៅលើកិច្ចពិភាក្សាលើប្រធានបទ៖ ការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាពអាស៊ាន, កិច្ចពិភាក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន, ផ្តោតលើឱកាសវិនិយោគ បរិយាកាសធុរកិច្ច និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីគាំទ្រការវិនិយោគបរទេស, ឱកាសប្រាស្រ័យទាក់ទងជាមួយអ្នកដឹកនាំធុរកិច្ចកម្ពុជា និងមន្ត្រីរដ្ឋាភិបាល, ផ្តោតលើការដាក់បញ្ចូលឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបញ្ញាសិប្បនិមិ្មត AI ផងដែរ៕